ការបោះលុយសំណងត្រឹម ១៦០លានក្នុងចំណោមបំណុលសរុបជាង៤ពាន់លាន ឱ្យទៅស្ថាប័នការពារសន្តិភាពសកល UN របស់លោកប្រធានាធិបតី ដូណាល់ត្រាំ នេះវាហាក់ដូចជាចង់បង្ហាញឱ្យសកលលោកនិងអង្គការសហប្រជាជាតិមើលឃើញថា អាមេរិកចង់លុបចោលតួនាទីរបស់ UN ចេញពីតួនាទីជាអ្នកការពារសន្តិសុខនិងសន្តិភាពសកល។

តាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានព្រមសងបំណុលចាស់ប្រហែល ១៦០ លានដុល្លារ ក្នុងចំណោមបំណុលសរុបជាង ៤ ពាន់លានដុល្លារដែលខ្លួនជំពាក់ UN ខណៈពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំលើកដំបូងនៃគំនិតផ្ដួចផ្ដើមបង្កើត «ក្រុមប្រឹក្សាសន្តិភាព» របស់លោក ដែលអ្នកវិភាគលើកឡើងថា វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់តួនាទីរបស់អង្គការសហប្រជាជាតិ។
មន្ត្រី UN បាននិយាយថា គិតត្រឹមដើមខែកុម្ភៈ សហរដ្ឋអាមេរិកជំពាក់ថវិការបស់ UN ចំនួន ២,១៩ ពាន់លានដុល្លារ ដែលស្មើនឹងជាង ៩៥% នៃចំនួនបំណុលសរុបដែលប្រទេសនានាជំពាក់ជុំវិញពិភពលោក។ លើសពីនេះ សហរដ្ឋអាមេរិកក៏ជំពាក់ចំនួន ២,៤ ពាន់លានដុល្លារផ្សេងទៀតសម្រាប់បេសកកម្មថែរក្សាសន្តិភាពនាពេលបច្ចុប្បន្ន និងអតីតកាល រួមទាំងចំនួន ៤៣,៦ លានដុល្លារសម្រាប់តុលាការរបស់ UN ផងដែរ។
យ៉ាងណាមិញ ការបង់ប្រាក់ត្រឹមតែ ១៦០ លានដុល្លារ ក្នុងចំណោមបំណុលសរុបដែលកើនឡើងដល់ទៅជាង ៤ ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិកទៅកាន់អង្គការសហប្រជាជាតិ មិនមែនគ្រាន់តែជាបញ្ហាហិរញ្ញវត្ថុនោះទេ ប៉ុន្តែវាគឺជាសញ្ញាព្រមានអំពីការប្រែប្រួលនៃសណ្តាប់ធ្នាប់ពិភពលោក ដែលកំពុងស្ថិតក្នុងស្ថានភាពប្រេះស្រាំនិងបែកបាក់។
ការបង់ប្រាក់ត្រឹមតែមួយចំណែកតូចក្នុងពេលនេះ ហាក់ដូចជាយុទ្ធសាស្ត្រដង្ហើមចង្រិត ដើម្បីរក្សាឥទ្ធិពលរបស់ខ្លួនក្នុងស្ថាប័ននេះផង និងដើម្បីដាក់សម្ពាធឱ្យ UN ដើរតាមបន្ទាត់នយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនផង។
នៅពេលដែលមហាអំណាចលែងផ្តល់អាទិភាពដល់កាតព្វកិច្ចហិរញ្ញវត្ថុ នោះនឹងធ្វើឱ្យប្រតិបត្តិការថែរក្សាសន្តិភាព និងជំនួយមនុស្សធម៌សកលធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់។
មន្ត្រី UN បារម្ភខ្លាចថា គំនិតផ្តួចផ្តើម «ក្រុមប្រឹក្សាសន្តិភាព» របស់ប្រធានាធិបតី ដូណាល់ ត្រាំ ស្របពេលដែលអាមេរិកមិនព្រមបង្គ្រប់បំណុលចាស់ វាហាក់បង្ហាញពីចេតនាយ៉ាងច្បាស់ថា មេដឹកនាំសេតវិមានរូបនេះកំពុងចង់ហែកតួនាទីស្នូលរបស់ UN ចេញពីការសម្របសម្រួលសន្តិភាពសកល។
អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិជាច្រើនមើលឃើញថា នេះគឺជាការព្យាយាមបង្កើត រដ្ឋាភិបាលស្រមោល ឬស្ថាប័នដាច់ដោយឡែកមួយផ្សេងទៀត ដែលដឹកនាំដោយអាមេរិកផ្ទាល់ ដើម្បីចាត់ចែងជម្លោះសកលលោក ជាក់ស្ដែងដូចជាករណីហ្គាហ្សា ដោយមិនចាំបាច់ឆ្លងកាត់ការវេតូ ឬការត្រួតពិនិត្យពីសមាជិកដទៃទៀតនៃក្រុមប្រឹក្សាសន្តិសុខ UN។
អ្នកវិភាគបានរិះគន់ «ក្រុមប្រឹក្សាសន្តិភាព» របស់លោក ត្រាំ ថាមានលក្ខណៈដូចរចនាសម្ព័ន្ធអាណានិគម ដោយសារកិច្ចប្រជុំលើកដំបូងគ្មានការចូលរួមពីតំណាងម្ចាស់ដីដូចជាប៉ាឡេស្ទីន ដែលវាចំណុចរសើបបំផុត។ នៅពេលដែលសហរដ្ឋអាមេរិកព្យាយាមក្តោបក្តាប់ការសម្រេចចិត្តលើទឹកដីបរទេសដោយឯកតោភាគី វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពជាតិដទៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងរុញច្រានអាមេរិកឱ្យនៅឯកោពីសម្ព័ន្ធមិត្តលោកខាងលិច និងក្រុមប្រទេស Global South ផងដែរ។
ដោយឡែក អង្គការសហប្រជាជាតិ ទោះបីជាមានចំណុចខ្វះខាត ក៏នៅតែជាខែលការពារតែមួយគត់សម្រាប់សន្តិភាពពិភពលោកដែលផ្អែកលើច្បាប់អន្តរជាតិ។ ការដែលសហរដ្ឋអាមេរិកព្យាយាមធ្វើឱ្យស្ថាប័ននេះចុះខ្សោយតាមរយៈការបង្កកថវិកា និងការបង្កើតស្ថាប័នប្រជែង គឺជាការលេងសើចនឹងស្ថិរភាពសកល។ ទឹកប្រាក់ត្រឹម ១៦០ លានដុល្លារ មិនអាចទិញមកវិញនូវទំនុកចិត្តដែលបានបាត់បង់នោះទេ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តដើរលើផ្លូវនៃការបង្កើតច្បាប់ផ្ទាល់ខ្លួន ពិភពលោកអាចនឹងធ្លាក់ចូលទៅក្នុងរណ្ដៅអាណានិគមទំនើបថ្មី ហើយស្ថាប័នច្បាប់អន្តរជាតិ នឹងក្លាយទៅជាសំបកកង់ដែលគេត្រៀមនឹងបោះចោលតែប៉ុណ្ណោះ៕

