បើមើលតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation Thailand ដែលជាកាសែតផ្សាយបែបផ្អៀងតែម្ខាង ហើយតែងតែផ្សាយអត្ថបទបែបញុះញង់និងចោទប្រកាន់មកលើកម្ពុជា បានលើកយកសម្ដីរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលបានប្រញាប់ប្រញាល់ចេញមកបកស្រាយ និងបំភ្លឺពលរដ្ឋខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ លើករណីដែល «មហាសង្ក្រាន្តខ្មែរ» ត្រូវចុះចូលបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO គឺមិនបណ្ដាលឱ្យប៉ះពាល់ដល់ប្រទេសថៃនោះឡើយ។

ទោះបីជារដ្ឋមន្ត្រីវប្បធម៌ថៃ ព្យាយាមប្រើភាសាការទូតបែបលួងលោកថា មិនប៉ះពាល់ ដើម្បីលួងចិត្តប្រជាពលរដ្ឋខ្លួនក៏ដោយ ក៏ប៉ុន្តែនៅពីក្រោយសេចក្តីថ្លែងការណ៍ដ៏រដិបរដុបទាំងបុកពោះរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ គឺបានបង្កប់នូវអារម្មណ៍ភ័យខ្លាច ក្ដីកង្វល់ និងភាពស្លន់ស្លោ ចំពោះការពិតដែលប្រភពដើមនៃអរិយធម៌ជារបស់ខ្មែរ តែថៃខំប្រឹងកែច្នៃកាឡៃធ្វើជារបស់ខ្លួន នឹងត្រូវបានពិភពលោកជិតដឹងកាន់តែច្បាស់។

តើវាជារឿងគួរឱ្យអស់សំណើចណាស់មែនទេ? នៅពេលដែលមន្ត្រីក្រសួងវប្បធម៌ថៃ ដ៏ក្មងខ្ចីនិងគ្មានពិសោធន៍រូបនេះ ត្រូវប្រញាប់ប្រញាល់ឆែកមើលគេហទំព័រ UNESCO រួចចេញមកពន្យល់ពីនីតិវិធីឯកសាររដ្ឋបាលដល់សាធារណជនរបស់ខ្លួននោះ។ សកម្មភាពនេះសបញ្ជាក់ឱ្យឃើញថា មន្ត្រីក្រសួងវប្បធម៌ថៃ កំពុងស្លន់ស្លោរបុកពោះ និងបារម្ភយ៉ាងខ្លាំងពីឥទ្ធិពលនៃពាក្យ មហាសង្ក្រាន្តខ្មែរ ដែលជាពាក្យរបស់ខ្មែរ ហើយខ្មែរគឺជាម្ចាស់ដើមនៃអរិយ្យធម៌ដ៏រុងរឿងបំផុត បានយកមកប្រើប្រាស់ឱ្យបានទូលំទូលាយជាផ្លូវការវិញ ក្រោយពេលដែលត្រូវបានបរទេសលួចយកទៅធ្វើជារបស់ខ្លួនជាយូរ។

ប្រសិនបើថៃជឿជាក់ថាខ្លួនជាម្ចាស់ដើមពិតប្រាកដ តើចាំបាច់អ្វីត្រូវមានប្រតិកម្មវឹកវរដល់ថ្នាក់នេះ នៅពេលដែលកម្ពុជាគ្រាន់តែប្រើប្រាស់សិទ្ធិការពារបេតិកភណ្ឌរបស់ខ្លួនតែប៉ុណ្ណោះ? កន្លងមកថៃតែងតែយកលេសថា ការចុះបញ្ជី UNESCO មិនមែនបញ្ជាក់ថាអ្នកណាម្នាក់ជាម្ចាស់កម្មសិទ្ធិផ្តាច់មុខនោះទេ នោះព្រោះតែដើម្បីសម្រាលភាពតានតឹងនយោបាយផ្ទៃក្នុងប្រទេសខ្លួនប៉ុណ្ណោះ។

ប៉ុន្តែសម្រាប់កម្ពុជា ការដាក់បញ្ចូល «មហាសង្ក្រាន្ត» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មិនមែនគ្រាន់តែដើម្បីចែករំលែកនោះទេ ប៉ុន្តែវាគឺជាការបោះត្រាប្រវត្តិសាស្ត្រ ដើម្បីបង្ហាញភាពជាម្ចាស់កម្មសិទ្ធិរបស់ខ្លួន។ នៅពេលដែលឯកសារយោង និងភស្តុតាងសិក្សាស្រាវជ្រាវដ៏រឹងមាំរបស់ខ្មែរត្រូវបានដាក់លើតុ UNESCO វានឹងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យពិភពលោកឃើញថា អ្នកណាឱ្យប្រាកដដែលជាអ្នកបង្កើត និងអ្នកណាឱ្យប្រាកដដែលជាអ្នកចម្លងតាម។

ទោះបីជាថៃបានចុះបញ្ជី «សង្ក្រាន្ត» មុនក្នុងឆ្នាំ ២០២៣ ក៏ដោយ ប៉ុន្តែពិភពលោកមិនមែនងងឹតងងុលទាំងស្រុងឡើយ។ ក្បាច់រចនា ពិធីបុណ្យ និងឫសគល់នៃមហាសង្ក្រាន្ត ដែលមានចារឹកនៅលើជញ្ជាំងប្រាសាទ និងសិលាចារឹករបស់ខ្មែររាប់ពាន់ឆ្នាំមកហើយនោះ គឺជាសក្ខីភាពដែលមិនអាចប្រកែកបាន ជាពិសេសការចុះបានមុនរបស់ថៃ ក៏មិនបានសបញ្ជាក់ថា ថៃគឺជាម្ចាស់កម្មសិទ្ធិនោះដែរ។

ការដែលថៃព្យាយាមលើកយកករណីប្រទេសមីយ៉ាន់ម៉ាមកប្រៀបធៀប ចំពោះវប្បធម៌ដែលស្រដៀងគ្នាមួយចំនួនសម្រាប់ការលេងក្នុងអំឡុងកម្មវិធីចូលឆ្នាំ វាគ្រាន់តែជាការបង្វែរដាន ដើម្បីកុំឱ្យគេមើលឃើញពីភាពស្រដៀងគ្នាដ៏លើសលប់ដែលខ្លួនបានទទួលឥទ្ធិពលពីអរិយធម៌ខ្មែរប៉ុណ្ណោះ។ នៅពេលការពិតទាំងនេះត្រូវលាតត្រដាង វានឹងបង្ហាញថា «សង្ក្រាន្ត» ដែលថៃទើបនឹងចុះបញ្ជីមុននោះ គ្រាន់តែជាការយកទម្រង់ដែលនៅសេសសល់ពីខ្មែរទៅកែច្នៃថ្មីតែប៉ុណ្ណោះ។

ការដាក់បញ្ចូល «មហាសង្ក្រាន្តឆ្នាំថ្មីខ្មែរ» ទៅក្នុងបញ្ជី UNESCO នឹងធ្វើឡើងនាពេលខាងមុខនោះ វានឹងមិនត្រឹមតែជាមោទនភាពរបស់កូនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាពន្លឺនៃការពិត ដែលនឹងលាតត្រដាងឱ្យពិភពលោកបានឃើញថា អ្នកណាគឺជាម្ចាស់អរិយធម៌ពិតប្រាកដនៅក្នុងតំបន់នេះ។

ថៃអាចនឹងលឿន ចុះបញ្ជីមុនដោយសារភាពវៃឆ្លាត និងពូកែល្បិចកិច្ចកលផ្នែករដ្ឋបាលថៃ ប៉ុន្តែកម្ពុជានឹងចុះបញ្ជីដើម្បីបង្ហាញឱ្យឃើញពី ដួងព្រលឹងដូនតា និងឫសគល់វប្បធម៌មួយយ៉ាងពិតប្រាកដ។ ពេលនោះហើយ ដែលពិភពលោកនឹងដឹងថា អ្នកណាជាម្ចាស់ផ្ទះពិតប្រាកដ ហើយអ្នកណាគ្រាន់តែជាអ្នកចូលមកលួចយកទៅច្នៃតាមក្រោយ ប៉ុន្តែបែរជាប្រឹងស្រែកបំប៉ោងសំឡេងឥតអៀនខ្មាសថាខ្លួនគឺជាម្ចាស់៕

Share.