ប្រធានាធិបតីដូណាល់ ត្រាំ មេដឹកនាំសហរដ្ឋអាមេរិកបានថ្លែងនៅក្នុងការបើកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការសន្តិភាព នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ថាក្នុងរយៈពេលប្រហែល ១០ ទៅ ១៥ ថ្ងៃខាងមុខ ពិភពលោកទាំងមូលត្រូវតែដឹងថាតើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នឹងកើតឡើងដែរឬទេ បើមិនដូច្នោះទេនឹងត្រូវប្រើប្រាស់វិធានការយោធា។

លោកប្រធានាធិបតីត្រាំ បានសង្កត់ធ្ងន់ថា ការស្វែងរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់លើគម្រោងនុយក្លេអ៊ែរនៅតែត្រូវប្រើពេលវេលាមួយរយៈទៀតប៉ុន្តែសហរដ្ឋអាមេរិកអាចនឹងចាំបាច់ត្រូវបង្កើនកម្រិតនៃប្រតិបត្តិការឡើងទៅមួយកម្រិតទៀតដែរ។លោកបានបញ្ជាក់ថា តំណាងពិសេស លោក SteveWitkoff និងលោក JaredKushner (ដែលត្រូវជាកូនប្រសារបស់លោកផងដែរ) បានជួបប្រជុំ”យ៉ាងល្អ” ជាមួយអ៊ីរ៉ង់ជាច្រើនលើកមកហើយ។
លោកបានបញ្ជាក់ថាសកម្មភាពក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ គឺជាសក្ខីភាពបញ្ជាក់ថាការធ្វើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ជាមួយអ៊ីរ៉ង់មិនមែនជារឿងងាយស្រួលនោះទេប៉ុន្តែវាចាំបាច់ បើមិនដូច្នោះទេរឿងអាក្រក់នឹងកើតឡើង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះសហរដ្ឋអាមេរិកបានពង្រឹងកម្លាំងទ័ពចូលទៅក្នុងតំបន់មជ្ឈិមបូព៌ាយ៉ាងឆាប់រហ័សដោយបានបញ្ជូនកងនាវាចម្បាំងទៅកាន់តំបន់ឈូងសមុទ្រពែក្សដើម្បីដាក់សម្ពាធឱ្យអ៊ីរ៉ង់ព្រមធ្វើកិច្ចព្រមព្រៀងខណៈដែលមានសេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃការចរចារវាងតំណាងអាមេរិកនិងអ៊ីរ៉ង់នៅក្នុងប្រទេសស្វីសផងដែរ។
ការចរចានេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីត្រាំ បានបង្ហាញទស្សនៈជាច្រើនលើកថា នឹងប្រើកម្លាំងយោធាជាមួយអ៊ីរ៉ង់ទាំងលើរឿងការបង្ក្រាបក្រុមបាតុករ និងសកម្មភាពផ្នែកនុយក្លេអ៊ែរ។ ចំណែកសមាជិកសភាមួយចំនួនមកពីគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យ បានចេញមកបង្ហាញជំហរបដិសេធចំពោះប្រតិបត្តិការយោធាណាមួយលើអ៊ីរ៉ង់ដោយគ្មានការអនុម័តពីសភាជាមុន ដូចករណីដែលសហរដ្ឋអាមេរិកបានវាយឆ្មក់ចាប់ខ្លួនលោក NicolasMaduro ដល់ក្នុងរដ្ឋធានីនៃប្រទេសវេណេហ្ស៊ុយអេឡា កាលពីដើមខែមករាកន្លងទៅ។
ទន្ទឹមនឹងនេះមន្ត្រីជាន់ខ្ពស់នៃសេតវិមានបានបង្ហើបថា សហរដ្ឋអាមេរិកត្រៀមដកទ័ពចំនួន ១,០០០ នាក់ដែលនៅសេសសល់ស្ទើរតែទាំងអស់នៅក្នុងប្រទេសស៊ីរី ចេញក្នុងរយៈពេលប៉ុន្មានខែខាងមុខដោយសាររដ្ឋាភិបាលស៊ីរីបានយល់ព្រមទទួលតួនាទីចម្បងក្នុងការបង្ក្រាបអំពើភេរវកម្មក្នុងព្រំដែនរបស់ខ្លួនដែលធ្វើឱ្យវត្តមានទ័ពអាមេរិកលែងមានភាពចាំបាច់ទៀតហើយ។ កងកម្លាំងសហរដ្ឋអាមេរិកបានចូលមកបំពេញបេសកកម្មក្នុងប្រទេសស៊ីរីតាំងពីឆ្នាំ ២០១៥ដើម្បីបង្ក្រាបក្រុមរដ្ឋឥស្លាម (IS)។
ទោះជាយ៉ាងណាក៏ដោយការសម្រេចចិត្តដកទ័ពលើកនេះ កើតឡើងក្នុងពេលតែមួយដែលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពន្លឿនការបង្កើនកម្លាំងទ័ពក្នុងតំបន់មជ្ឈិមបូព៌ាដោយសារភាពតានតឹងជាមួយអ៊ីរ៉ង់ដែលបានហក់ឡើងខ្ពស់។សកម្មភាពនេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលអតីតប្រធានាធិបតី Basharal-Assad បានដួលរលំក្នុងឆ្នាំ ២០២៤ហើយស្ថានភាពសន្តិសុខក្នុងប្រទេសស៊ីរីមានភាពប្រសើរឡើងយ៉ាងច្បាស់។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានព្យាយាមបង្កើតទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលស៊ីរីនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រធានាធិបតី Ahmed al-Shara ដែលបានបង្កើតប្រវត្តិសាស្ត្រក្លាយជាមេដឹកនាំស៊ីរីដំបូងគេដែលបានជួបលោកត្រាំ នៅសេតវិមានកាលពីខែវិច្ឆិកាកន្លងទៅ។ ក្រៅពីនេះ កាលពីខែមករារដ្ឋាភិបាលស៊ីរីទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការបញ្ជូលកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយជនជាតិឃឺដឱ្យចូលទៅក្នុងកងទ័ពរដ្ឋាភិបាលស៊ីរី៕

