តារា​ចម្រៀង​-តារា​សម្ដែង​ជើង​ចាស់​អ្នក​នាង​ សូដា នីតា បាន​ចេញ​មក​​ប្រកាស​ស្វែង​រក​មុខ​អ្នក​នាង សឿ សុធារ៉ា ឱ្យ​ចូល​ខ្លួន​ទៅ​ដោះ​ស្រាយ​ជាមួយ​អ្នក​នាង​ប្រសិន​បើ​មិន​ចង់​ត្រូវ​បាន​ដីការ​កោះ​ហៅ​ ប៉ុន្តែ​មិន​បាន​ទម្លាយ​ឱ្យ​ស៊ី​ជម្រៅ​ថា​មាន​បញ្ហា​អ្វី​ឱ្យ​ប្រាកដ​នោះ​ឡើយ​ ប៉ុន្តែ​ឈាន​មក​យប់​ថ្ងៃ​ទី​២​ ខែ​តុលា​ដដែល​ អ្នក​នាង​ បាន​ចេញ​មក​ប្រកាស​ទម្លាយ​ឱ្យដឹង​ការ​ពិត​ពាក់​ព័ន្ធ​នឹង​បំណុល​ ជិត​​៤​ម៉ឺន​ដុល្លារ ​ដែល​អ្នក​នាង​ សឿ​ សុធារ៉ា​ បាន​ជំពាក់​ខ្លួន​ ថែម​ទាំង​ហ៊ាន​បោះ​​ចោល​បំណុល​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ទៀត​ ប្រសិន​បើ​អ្នក​នាង​ សឿ សុធារ៉ា ដើរ​ស្រាត​តែ​១​ដងនោះ។

បញ្ហា​ដែល​កើត​មាន​ខាង​លើ​ ត្រូវ​បាន​អ្នក​ម្ដាយ​កូន​មួយ​រូប​នេះ​សម្រាយ​សាច់​រឿង​ឱ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​​ដូច្នេះ​​​ «ដើម​ឡើយ​អ្នក​នាង​ សឿ សុធារ៉ា ជំពាក់​បំណុល​តុងទីន​គេ​ត្រូវ​ផុស​ផ្អើលហ្វេសប៊ុក​ កាលណោះ​អ្នក​នាង​ សឿ​ សុធារ៉ា​បាន​តេមក​រក​អ្នក​នាង​ដើម្បី​យក​លុយ​ទៅ​ឱ្យ​កូន​តុង​ទីន ដើម្បី​បិទមាត់​កុំឱ្យ​គេ​ផុស​ អ្នក​នាង​ក៏​យល់​ព្រម​ជួយ​ជា​បន្ត​បន្ទាប់​រហូត​ជិត៤​ម៉ឺន​ដុល្លារ​​។ ប៉ុន្តែ​នៅ​ពេល​ដោះ​ស្រាយ​មាន​កេរ្តិ៍​ឈ្មោះ​ឡើង​វិញ​ស្រាប់​តែ​កាត់​ផ្ដាច់​ទំនាក់ទំនង​ លែង​តប​ឆាត​ ដែល​ជា​ទង្វើ​មួយ​មើល​ងាយ​ដល់​រូប​អ្នក​នាង»។ ​

នៅ​មិន​ទាន់​អស់​ត្រឹម​នេះ​នៅ​ឡើយ​នោះ​ទេ​ តារា​រៀម​ច្បង​រូប​នេះ​ក៏​បាន​ទម្លាយ​បន្ត​ទៀត​ដែរ​ថា​ «អ្នក​នាង ​សឿ ​សុធារ៉ា ​ប្រាប់​ថា​ខ្លួន​កើត​រោគចិត្ត​ មាន​ប័ណ្ណ​ចេញ​ពី​ពេទ្យ​ ថែម​ទាំង​ថា​គ្មាន​លទ្ធ​ភាព​សង​ ចង់​ឆ្កួត​ ចង់​សម្លាប់​ខ្លួន ហើយ​ឱ្យ​អ្នក​នាង​បំភ្លេច​លុយជំពាក់​នោះ​ចោល។​» អ្នក​នាង​ សូដា នីតា បាន​សង្កត់​ធ្ងន់​ថា​ប្រសិន​បើ​អ្នក​នាង​ដល់​ថ្នាក់​ឆ្កួត​ដើរ​ស្រាត​ (តែ​១ដង) ​អ្នក​នាង​នឹង​ចោល​លុយ​ជិត​៤​ម៉ឺន​ដុល្លារនោះ​ ហើយ​បើសិន​អ្នក​នាង​ពិត​ជា​សម្លាប់​ខ្លួន​ព្រោះ​បំណុល​មែន​ អ្នក​នាង​ក៏​នឹង​អហោរសិកម្ម​ ហើយ​ចូល​លុយ​បុណ្យ​ ១០០០ដុល្លារ (មួយ​ពាន់​ដុល្លារ) ថែម​ពី​លើ​នោះ​ទៀត​។

ជា​ចុង​ក្រោយ​នៅ​ក្នុង​សំណេរ​ដែល​បង្ហោះ​ជា​សាធារណៈនោះ​ អ្នក​នាង​ សូដា នីតា​ បាន​ដៀល​អ្នក​នាង​ សឿ​ សុធារ៉ា ជា​កូន​បំណុល​ឈ្លើយ​ មិន​ចេះ​សម្រួល​ សម្ដី​ទន់​ភ្លន់​ តែ​មុខ​វិញ​ក្រាស់​ ចរិត​អន់​ ធ្លាក់​រណ្ដៅ​ហើយ​នៅ​មិន​ប្រឹង​តោង​ទៀត​។

គួរ​ដឹង​ថា​ភាគី​អ្នក​នាង​ សឿ សុធារ៉ា មក​ដល់​ពេល​នេះ​មិ​ន​ទាន់​មាន​ឃើញ​សកម្មភាព​ណាមួយ​តប​ត​ ឬ​ឆ្លើយ​តបចំពោះ​ការ​លើក​ឡើង​របស់​អ្នក​នាង​សូដា នីតា​ នោះ​ទេ​ មួយ​វិញ​ទៀត​ពេល​នេះ​ អ្នក​នាង​អាច​នឹង​​កំពុង​តែ​មមាញឹក​​សំរុក​ថត​រឿង​ភាគ​បុរាណ​ថ្មី​មួយ​របស់​ស្ថានីយទូរទស្សន៍​ហង្សមាស​៕

Telegram-Troryorng
Share.