ម៉ាឡេស៊ី៖ យោងតាមការបញ្ជាក់ពីទីភ្នាក់ងារស្ទង់ភូមិសាស្ត្រអាមេរិក (USGS) គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,១រ៉ិចទ័រ បានវាយប្រហារនៅតំបន់ឆ្នេរសមុទ្រនៃរដ្ឋសាបាហ៍ (Sabah) លើកោះបូណេអូ ប្រទេសម៉ាឡេស៊ី កាលពីវេលាម៉ោង ១២:៥៧ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈនេះ។

ចំណុចកណ្ដាលនៃការរញ្ជួយដីនេះ ស្ថិតនៅចម្ងាយតិចជាង ១០០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងកូតា គីណាបាលូ (Kota Kinabalu) ក្នុងជម្រៅដីប្រមាណ ៦១៩,៨ គីឡូម៉ែត្រ។ ទោះបីជាមានកម្រិតរញ្ជួយខ្លាំង ប៉ុន្តែដោយសារវាស្ថិតក្នុងជម្រៅជ្រៅខ្លាំងបែបនេះ USGS បានវាយតម្លៃថា លទ្ធភាពនៃការបង្កគ្រោះថ្នាក់ដល់ជីវិត ឬការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរគឺមានកម្រិតទាបបំផុត។
ស្របពេលជាមួយគ្នានេះ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិអាមេរិក ក៏មិនបានចេញការព្រមានណាមួយដែរ ដោយបញ្ជាក់ថា ជម្រៅនៃការរញ្ជួយដីនេះ មិនអាចបង្កឱ្យមានសកម្មភាពរលកយក្សស៊ូណាមិឡើយ។

យោងតាមរបាយការណ៍បឋម ការរំញ័រនេះត្រូវបានគេដឹងដៅនៅតាមតំបន់ឆ្នេរខាងលិចនៃរដ្ឋសាបាហ៍ និងផ្នែកខ្លះនៃរដ្ឋសារ៉ាវ៉ាក់ (Sarawak) ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាត ឬគ្រោះថ្នាក់ណាមួយត្រូវបានរាយការណ៍ដោយអាជ្ញាធរមូលដ្ឋានឡើយ។

សូមជម្រាបថា កាលពីខែតុលា ឆ្នាំមុន ទីភ្នាក់ងារភូមិសាស្ត្រម៉ាឡេស៊ីបានបញ្ចេញលទ្ធផលសិក្សាមួយដោយព្រមានថា រដ្ឋចំនួន ៦ រួមមាន៖ Pahang, Terengganu, Perak, Negeri Sembilan, Sabah និង Sarawak សុទ្ធតែជាតំបន់ប្រឈមនឹងហានិភ័យនៃការរញ្ជួយដី ខណៈដែលរដ្ឋ Johor ក៏ធ្លាប់បានទទួលរងការរញ្ជួយដីជាបន្តបន្ទាប់កាលពីចុងខែសីហា ឆ្នាំមុនផងដែរ ដោយមានកម្រិតចន្លោះពី ២.៥រ៉ិចទ័រ ដល់ ៤.១រ៉ិចទ័រ៕


