កាលពីយប់ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ នេះ កងទ័ពភូមិន្ទថៃ បានរាយការណ៍ថា មានការផ្ទុះជាបន្តបន្ទាប់ និងអគ្គិភ័យយ៉ាងខ្លាំងក្លាបានកើតឡើងនៅឃ្លាំងអាវុធរបស់បញ្ជាការដ្ឋានប៉ូលិសការពារព្រំដែនលេខ២១ ស្ថិតក្នុងខេត្តសុរិន្ទ ប្រទេសថៃ (ក្បែរព្រំដែនកម្ពុជា)។

បើតាមអ្នកនាំពាក្យកងទ័ពថៃ ឧត្តមសេនីយ៍ទោ វីនថៃ ស៊ូវ៉ារី (Winthai Suvaree) បានឱ្យដឹងថា កងទ័ពបានចាត់បញ្ជូនកម្លាំង និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះទៅអន្តរាគមន៍ជួយអាជ្ញាធរមូលដ្ឋានភ្លាមៗ ដើម្បីទប់ស្កាត់ការឆាបឆេះ រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ និងរឹតត្បិតសន្តិសុខនៅតំបន់ជុំវិញ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានណែនាំប្រជាពលរដ្ឋ ឱ្យបញ្ចៀសការធ្វើដំណើរឆ្លងកាត់តំបន់នោះផងដែរ ដើម្បីសុវត្ថិភាព។

ហេតុការណ៍ផ្ទុះឆេះឃ្លាំងអាវុធផ្ទុកគ្រាប់រំសេវនេះ មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីព្រំដែនប្រទេសកម្ពុជា វាមិនត្រឹមតែបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋតាមបណ្តោយព្រំដែនកម្ពុជា-ថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលាតត្រដាងនូវចំណុចខ្វះខាតធ្ងន់ធ្ងរជាច្រើន ក្នុងការគ្រប់គ្រងគ្រាប់រំសេវ និងស្តង់ដារសុវត្ថិភាពយោធារបស់ភាគីថៃផងដែរ។

ចំពោះមូលហេតុពិតប្រាកដកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ដោយពុំទាន់មានការសន្និដ្ឋានណាមួយទេ ទោះបីជាមានពាក្យចចាមអារ៉ាមថា ហេតុការណ៍នេះអាចជាអំពើបំផ្លិចបំផ្លាញដោយចេតនាក៏ដោយ។ យ៉ាងណាម៉ិញ​ ភាគីថៃត្រូវតែមានការបកស្រាយឱ្យបានច្បាស់លាស់ និងទទួលខុសត្រូវចំពោះការរៀបចំឃ្លាំងអាវុធដែលគ្មានសុវត្ថិភាពបែបនេះ ដើម្បីធានាថាវានឹងមិនបង្កជាគ្រោះថ្នាក់ដល់ប្រទេសជិតខាង និងពលរដ្ឋស្លូតត្រង់នៅថ្ងៃក្រោយទៀតឡើយ៕

ប្រភព៖ Bangkok Post

Share.