ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានប្រើប្រាស់ពេលវេលាដ៏មានតម្លៃ នៅក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីបញ្ចេញសារពិតដ៏មានសារៈសំខាន់ចំនួន២ចំណុច ដើម្បីជម្រះមន្ទិលនិងលាងភាពស្អាតស្អំឱ្យកម្ពុជានៅលើវេទិកាពិភពលោក។

ការអញ្ជើញថ្លែងបទអន្តរាគមន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺជាពេលវេលាប្រវត្តិសាស្ត្រមួយទៀត ដែលកម្ពុជាបានប្រើប្រាស់វេទិកាអន្តរជាតិប្រកបដោយភាពឆ្លាតវៃ ដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងបកស្រាយការពិតចំពោះបញ្ហាដែលកំពុងកើតមាននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
តាមរយៈសុន្ទរកថាប្រកបដោយខ្លឹមសារ និងភាពអត់ធ្មត់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកយកសារសំខាន់ចំនួន ២ ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលាតត្រដាង ក៏ដូចជាបកអាក្រាត ពីល្បិចកលបែបយុទ្ធសាស្ត្របំភ្លៃការពិតរបស់ភាគីថៃ ដែលកំពុងព្យាយាមលាបពណ៌កម្ពុជានៅលើឆាកអន្តរជាតិ។ សារព័ត៌មានត្រយងសូមស្រង់សារសំខាន់ៗចំនួន ២ ចំណុចដូចខាងក្រោម៖
សារសំខាន់ទី១ ថៃបានប្រើប្រាស់រូបភាពប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីបិទបាំងការពិតនៃអំពើឈ្លានពានមកលើកម្ពុជា
ត្រង់ចំណុចទីមួយនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងយ៉ាងច្បាស់លាស់ គឺការប្រើប្រាស់លេសនៃការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន ដោយយោធាថៃ វាគ្រាន់តែជាសកម្មភាពបង្វែរស្ថានភាព ដើម្បីបិទបាំងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងយោធាថៃតែប៉ុណ្ណោះ។ នេះជាចំណុចសំខាន់មួយដែលបង្ហាញឱ្យឃើញថា ថៃកំពុងយករឿងឧក្រិដ្ឋកម្មឆ្លងដែនដែលជាបញ្ហាសកល មកធ្វើជាខែលការពារខ្លួន និងបិទបាំងប្រតិបត្តិការយោធាដ៏សាហាវឃោរឃៅរបស់ខ្លូនមកលើពលរដ្ឋស្លូតត្រង់កម្ពុជា។
ក្នុងបទអន្តរាគមន៍នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ការតស៊ូប្រឆាំងនឹងការឆបោកតាមអនឡាញ ត្រូវការកិច្ចសហប្រតិបត្តិការគ្នា និងមិនមែនជាសកម្មភាពនគរបាល ឬយោធាបរទេស ជាឯកតោភាគី គ្រាន់តែបម្រើឱ្យការបិទបាំងអំពើឈ្លានពាន និងការកាន់កាប់ទឺកដីរដ្ឋអធិបតេយ្យមួយទៀតដោយខុសច្បាប់នោះទេ។ ការលើកឡើងនេះ បានបង្ហាញឱ្យឃើញពីភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការវិភាគស្ថានការណ៍ និងបកស្រាយឱ្យសហគមន៍អន្តរជាតិបានយល់ពីអ្វីដែលកំពុងកើតឡើងពិតប្រាកដ។

សារសំខាន់ទី២ កម្ពុជា បានបកអាក្រាតពីការរំលោភបំពានសិទ្ធិមនុស្សពីសំណាក់យោធាថៃក្រោមរូបភាពជាអ្នកការពារសន្តិសុខ
ការអំពាវនាវរបស់កម្ពុជាលើឆាកអន្តរជាតិម្ដងនេះ បានលើកបង្ហាញពីស្ថានភាពអមនុស្សធម៌របស់យោធាថៃ និងក្រុមជ្រុលនិយមថៃដែលបានចាប់ដៃគ្នាធ្វើសកម្មភាពដាក់ពង្រាយទូរកុងតឺន័រ និងរាយបន្លាលួស ដើម្បីរារាំងមិនឱ្យពលរដ្ឋស្លូតត្រង់កម្ពុជា អាចវិលត្រលប់ទៅភូមិឋានរបស់ខ្លួនវិញ។ នេះហើយដែលជាអំពើរំលោភបំពានលើសិទ្ធមនុសស្យ៉ាងធ្ងន់ធ្ងរ។
សម្រាប់បទអន្តរាគមន៍ដ៏មានខ្លឹមសារនេះក៏បានបង្ហាញនូវការភ្ញាក់ផ្អើលមួយ ដែលពិភពលោកមិនគួរមើលរំលងនោះឡើយ ដោយតួលេខនៃអ្នករងគ្រោះនៅកម្រិតកំពូលនៃជម្លោះ មានច្រើនគួរឱ្យរន្ធត់ដោយក្នុងនោះ មនុស្សជិត ៦៥០,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ ហើយបច្ចុប្បន្ននេះ មនុស្សជាង ៨០,០០០ នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះវិញបាន ដែលនេះមិនមែនគ្រាន់តែជាបញ្ហាព្រំដែនធម្មតានោះទេ ប៉ុន្តែវាជាវិបត្តិមនុស្សធម៌ដែលកំពុងកើតឡើងចំពោះមុខសហគមន៍អន្តរជាតិ។
តាមរយៈការលើកយកបញ្ហានេះមកពិភាក្សានៅក្រុមប្រឹក្សាសិទ្ធិមនុស្ស កម្ពុជាបានបង្ហាញថា កម្ពុជាមិនគ្រាន់តែយល់ពីច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចេះប្រើប្រាស់យន្តការអន្តរជាតិ ដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួនផងដែរ ព្រោះកម្ពុជាយល់ពីតម្លៃនៃសន្តិភាព ហើយទាំងពលរដ្ឋនិងប្រមុខដឹកនាំកម្ពុជា ស្អប់ខ្ពើមសង្គ្រាម។

កម្ពុជា នៅតែបន្តប្រើភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធី។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនៅក្នុងបទអន្តរាគមន៍នេះ គឺការបង្ហាញពីភាពអត់ធ្មត់ និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ពេញមួយកំឡុងពេលមានវិបត្តិ កម្ពុជាបានបន្តផ្តល់ជំនួយមនុស្សធម៌ ធានានូវបន្តនៃសេវាសំខាន់ៗដល់ជនភៀសខ្លួន និងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការឈប់បាញ់ និងកិច្ចសន្ទនាដោយសន្តិវិធី។
នេះជារូបភាពផ្ទុយស្រឡះពីសកម្មភាពរបស់យោធាថៃ ដែលកំពុងតែបង្កើតទីតាំងយោធាលើសពីខ្សែបន្ទាត់ដែលបានទាមទារ បណ្តេញប្រជាជនស៊ីវិលចេញពីផ្ទះសម្បែង បំផ្លាញលំនៅឋាន និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធានៅលើទឹកដីកម្ពុជា។
ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាពេលនេះ គឺជាសាររំលឹក ដល់សហគមន៍អន្តរជាតិ ឱ្យពិនិត្យមើលឱ្យបានច្បាស់អំពីអ្វីដែលកំពុងកើតឡើងនៅតាមព្រំដែនកម្ពុជា-ថៃ។ កម្ពុជាមិនមែនកំពុងស្វែងរកជម្លោះនោះទេ ប៉ុន្តែកំពុងស្វែងរកយុត្តិធម៌ និងការគោរពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្លួន។
ការអំពាវនាវឱ្យមានការដកកងកម្លាំងយោធាថៃចេញពីទឹកដីកម្ពុជា ការគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ និងការដោះស្រាយវិវាទដោយសន្តិវិធី គឺជាយោបល់សមហេតុផល ដែលស្របទៅតាមច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃអង្គការសហប្រជាជាតិ។
នៅទីបញ្ចប់ ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាអ្នកឈ្លានពាន ប៉ុន្តែជាអ្នកការពារសន្តិភាព និងសិទ្ធិមនុស្ស។ កម្ពុជាមិនមែនជាអ្នកបង្កើតវិបត្តិ ប៉ុន្តែជាអ្នកស្វែងរកដំណោះស្រាយ ហើយកម្ពុជានឹងបន្តប្រើប្រាស់គ្រប់មធ្យោបាយស្របច្បាប់ ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្លួន ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕

