ពោធិ៍សាត់៖  ក្នុងដំណើរចុះត្រួតពិនិត្យតាមដានវាយតម្លៃពីការរៀបចំសោភណ្ឌភាព បរិស្ថានស្អាតនៅអនុវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ភ្នំក្រវ៉ាញ រសៀលថ្ងៃទី 23 ខែកុម្ភៈឆ្នាំ 2026 នេះ ឯកឧត្តម ខូយរីដា អភិបាលខេត្តពោធិ៍សាត់បានដាក់តឿនជំរុញដល់គណៈគ្រប់គ្រងសាលា ឲ្យពន្លឿន ការរៀបចំទីតាំងឲ្យបានឆាប់ទាន់ពេលវេលាទៅតាមផែនការកំណត់ ប្រកបដោយចន្ទៈនិងស្មារតីទទួលខុសត្រូវខ្ពស់ ឈានទៅប្រកួតប្រជែងដណ្ដើមយកពានរង្វាន់សាលាមេត្រីបរិស្ថានជាបន្តបន្ទាប់ទៀត។


ឯកឧត្តមអភិបាលខេត្តលើកឡើងថា ជាប្រសិទ្ធភាពការងារ គណៈគ្រប់គ្រងសាលាត្រូវប្ដេជ្ញាចិត្តខ្ពស់និងកំណត់គោលដៅអោយបានច្បាស់លាស់ ក្នុងការរៀបចំកែប្រែ ហេដ្ឋារចនាសម្ព័ននានា ស្តៅលើកកម្ពស់សោភណ្ឌភាពប្រកបដោយអនាម័យបរិស្ថានស្អាតជាពណ៏បៃតង ជាមួយនឹងកិត្តិយសសម្រាប់សាលា។ លើសពីតិចទៀតជួយកែប្រែទម្លាប់និងបណ្ដុះផ្នត់គំនិតសិស្សានុសិស្សឲ្យចេះស្រឡាញ់ថែរក្សាបរិស្ថានទាំងអស់គ្នាផងដែរ។


តាមការបញ្ជាក់ ពីលោកសុខវ័ន នាយកអនុវិទ្យាល័យសម្ដេចឪសម្ដេចម៉ែភ្នំក្រវាញ ឆ្លើយតបទៅនឹងការណែនាំរបស់ឯកឧត្តមអភិបាលខេត្តខូយរីដា ស្របទៅតាមផែនការបានកំណត់ គណៈគ្រប់គ្រងសាលាបានប្រឹងប្រែងអនុវត្តជាបន្តបន្ទាប់ ជាមួយនឹងការតុបតែងកែលម្អ លាបពណ៌ ចាក់សាបបេតុង ជួសជុលអាគារ សិក្សា  អាគារកាត់ដេរដែលជាអំណោយរបស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលមានសភាពទ្រុឌទ្រោម បាទជួសជុលកែលម្អឲ្យបានស្អាតឡើងវិញ រៀបចំចេញជាសួននៅក្នុងបរិវេណ សាលា រៀបចំឲ្យមានប្រពន្ធទឹកភ្លើង សម្រាប់ប្រើប្រាស់ សំដៅធ្វើយ៉ាងណាកែប្រែលើកកម្ពស់សោភណ្ឌភាពជាបៃតងស្រស់ ស្របទៅតាមអនុសាសន៍របស់ឯកឧត្តមអភិបាលខេត្តដើម្បីឈានទៅប្រកួតប្រជែងដណ្ដើមយកពាននឹករង្វាន់សាលាមេត្រីបរិស្ថាននាពេលខាងមុខទទួលបានជោគជ័យ។

លោកថា ទាំងអស់នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ឯកឧត្តមខូយរីដាជួយទំនុកបម្រុងឧបត្ថម្ភគាំទ្រជាងសម្ភារៈថវិកា នឹកស្មារតី ។ ក្នុងន័យនេះលោកនាយកសាលាសូមសម្ដែងការអរគុណយ៉ាងជ្រាវជ្រៅបំផុតជាមួយនឹងការប្ដេជ្ញាចិត្តអនុវត្តផែនការឱ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ៕

អត្ថបទ៖ ពោធិ៍សាត់

Share.