រឿងអាស្រូវ និងក្ដៅគគុក កំពុងតែមានការចាប់អារម្មណ៍ពីប្រទេសថៃ នៅក្រោយពេលដែលនៅលើបណ្ដាញសង្គម មានអ្នកប្រើប្រាស់សេវាកម្មព្រលានយន្តហោះសុវណ្ណភូមិ បានបង្ហោះសារចោទសួរអំពីស្ដង់ដារសេវារបស់បុគ្គលិកនៅចំណុចត្រួតពិនិត្យ (X-ray) ដោយសារតែពួកគេបាន ប្រើប្រាស់សម្តី និងកាយវិការមិនសមរម្យ មិនអាចគ្រប់គ្រងអារម្មណ៍បាន និងការស្តីបន្ទោសខ្លាំងៗដាក់អ្នកដំណើរ រហូតក្លាយជាប្រធានបទរិះគន់យ៉ាងខ្លាំងបង្កឱ្យប៉ះពាល់ដល់រូបភាពព្រលានយន្តហោះ ដែលជាមុខមាត់របស់ថៃមួយនេះ។

ក្រុមអ្នកដំណើរដែលមិនសប្បាយចិត្តបានបញ្ចេញមតិរបស់ខ្លួននៅលើបណ្ដាញសង្គម នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការប្រើសម្តី និងកាយវិការមិនសមរម្យរបស់បុគ្គលិកនៅចំណុចត្រួតពិនិត្យ X-ray កាបូប ក្នុងអាកាសយានដ្ឋានសុវណ្ណភូមិ ដោយការបង្ហោះសារតវ៉ានោះ ទទួលបាននូវការគាំទ្រ និងមានមតិឆ្លើយតបត្រលប់មកវិញនូវបទពិសោធន៍ស្រដៀងគ្នានេះយ៉ាងច្រើនលើសលប់។

ដើម្បីទប់ស្កាត់ និងចង់ស្ដារមុខមាត់ក៏ដូចជាកេរ្តិ៍ឈ្មោះដ៏អសោចរបស់ខ្លួនឡើងវិញ ព្រលានយន្តហោះសុវណ្ណភូមិ បានចេញមុខមកសុំទោសអ្នកដំណើរទាំងអស់ ចំពោះហេតុការណ៍ដែលបានកើតឡើង ព្រមទាំងសន្យាកែប្រែ និងស្តាប់រាល់មតិរិះគន់របស់អ្នកដំណើរ ហើយនឹងនាំយកមតិយោបល់ទាំងអស់មកកែលម្អការផ្តល់សេវាកម្មរបស់បុគ្គលិក ឱ្យមានភាពសុភាពរាបសារ ទន់ភ្លន់ និងមានការប្រាស្រ័យទាក់ទងដែលច្បាស់លាស់។

កន្លងមកក៏ធ្លាប់មានភ្ញៀវបរទេសមួយចំនួន ដែលធ្លាប់បានបង្ហោះពីការមិនពេញចិត្ត និងមិនសប្បាយចិត្តដែរ ក្រោយពេលដែលពួកគេទៅប្ដូរយន្តហោះនៅអាកាសយានដ្ឋាននេះ ដើម្បីហោះមកកម្ពុជា ពួកគេហាក់មិនបង្ហាញនូវភាពរួសរាយរាក់ទាក់ ញញឹម ស្វាគមន៍ នោះទេ តែបានប្រើប្រាស់កាយវិការរើសអើង និងភាសាទ្រគោះបោះបោកដាក់អ្នកដំណើរទាំងនោះ រហូតដល់ថ្នាក់អ្នកដំណើរខ្លះខ្លាចនិងរាលចាល ស្បថលែងជាន់អាកាសយានដ្ឋានអន្តរជាតិរបស់ថៃ ដើម្បីប្ដូរជើងហោះហើរមកកាន់ប្រទេសកម្ពុជាថែមទៀតផង៕

ប្រភព៖ Prachachat

Share.