ភ្នំពេញ ៖ តាមដងផ្លូវនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ក្រោយពីកម្លាំងអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ ឃើញថាមានរបៀបរៀបរយ បរិស្ថាន បានប្រសើរឡើង តែនៅមានបងប្អូនអ្នកលក់ដូរមួយចំនួនតូច ឆ្លៀតដាក់របស់របរលក់ដូរមកលើចិញ្ចើមផ្លូវសាធារណៈ តែទោះជាយ៉ាងណាក្តី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ និងកម្លាំងអាជ្ញាធរ បន្តចុះពិនិត្យ រៀបចំសណ្តាប់ធ្នាប់ ធ្វើអនាម័យបរិស្ថាន ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

នាឱកាសនោះ លោកអភិបាលខណ្ឌបានស្នើជាលើកចុងក្រោយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អាជីវករលក់ដូរតាមផ្ទះតាមបណ្ដោយផ្លូវខាងលើនេះ ត្រូវបញ្ឈប់ជាបន្ទាន់ការដាក់តាំងលក់លើចិញ្ចើមផ្លូវសាធារណៈ ការចតយានយន្តដោយគ្មានសណ្តាប់ធ្នាប់របៀបរៀបរយ នឹងត្រូវទុកផ្លូវសម្រាប់ថ្មើរជើងដើរ ជាមួយគ្នានេះត្រូវសហការជាមួយអាជ្ញាធរក្នុងការចូលរួមថែរក្សាសណ្តាប់ធ្នាប់ វេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីមូលដ្ឋានខណ្ឌមានសោភ័ណកាន់តែប្រសើរទ្វេដង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.