ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង រួមទាំងសម្ភារះនៅក្នុងផ្ទះមួយចំនួនធំត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែខាងនិងសមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវលំ ក្នុងភូមិសំបួរ សង្កាត់ដង្កោរ ខណ្ឌដង្កោររាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឃើញផ្សែងហុយចេញពីផ្ទះកើតហេតុខ្មួលខ្មាញ់លាយឡំនិងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗ ពួកគាត់បានទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចនាំគ្នាប្រញាប់រត់ទៅប្រមូលសម្ភារៈ ដែលមានតម្លៃចេញហើយ និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំឱ្យជួយអន្តរាគមន៍។

ក្រោយទទួលបានព័ត័មានភ្លាម កម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿងមកជួយអន្តរាគមន៍ ទើបគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៨និង១០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។ ករណីអគ្គិភ័យខាងលើនេះដែរមិនមានអ្នក ស្លាប់និងរងរបួសនោះទេ ដោយរងការខូចខាតផ្ទះមួយខ្នង និងសម្ភារះក្នុងផ្ទះមួយចំនួនតែប៉ុណ្ណោះ។ ចំពោះមូលហេតុ សមត្ថកិច្ចធ្វើការស្រាវជ្រាវឃើញថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

Share.