ភ្នំពេញ ៖ កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦  ចៅក្រម​ជំនុំជម្រះ​សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិអង់គ្លេស២នាក់​ ពីបទដឹកជញ្ជូនសារធាតុញៀនដោយខុសច្បាប់។

ជនជាប់ចោទទាំង២នាក់ ទី១.ឈ្មោះ HOGG JORDAN JAMES ភេទប្រុស ឆ្នាំកំណើត២០០៥ ជនជាតិអង់គ្លេស ផ្តន្ទាទោសដាក់ពន្ធនាគារ១០ និងពិន័យជាប្រាក់ចំនួន១០លានរៀល​ និងទី២.ឈ្មោះ CRELLIN CIARAN ASHLEY STEPHEN ភេទប្រុស កើតឆ្នាំ១៩៩៧ ផ្តន្ទាទោសដាក់ពន្ធនាគារ១៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន១៤លានរៀល កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ ដែលសាលក្រម​នេះ​ដែរ​ក៏​បាន​បញ្ជាក់​ថា​ ពេល​ជន​ជាប់​ចោទ​ទាំង​២នាក់​អនុវត្ត​ទោស​ចប់​ នឹងត្រូវ​បណ្ដោយ​ចេញ​ពី​ប្រទេស​កម្ពុជា​ ហើយសំណុំរឿង​នេះ​ត្រូវ​បាន​បើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដោយ​មានលោក ទិត សុទ្ធីបូរ៉ាឆាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។

ករណីបង្ក្រាបកញ្ឆាក្រៀមនេះ ដឹកនាំបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកអ្នកដំណើរចេញ) ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមប្រមាណជិត ២០ គីឡូក្រាម បម្រុងលោតឆ័ត្រឆ្លងដែនទៅក្រៅប្រទេស តាមជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ ដំបូងឡើយសមត្តកិច្ចបានធ្វើការឃាត់ខ្លួនឈ្មួញគ្រឿងញឿនម្នាក់ ភេទប្រុស ជនជាតិអង់គ្លេស ដោយចាប់យកកញ្ឆាក្រៀមចំនួន២២ដុំ មានទម្ងន់ស្មើ១៩គីឡូ ៩០២ក្រាម (ជិត២០គីឡូក្រាម) ៕

អត្ថបទ៖ ចតុម្មុខ

Share.