ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅប្រទេសថៃ ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យរថយន្តដឹកសិស្ស ២ គ្រឿងបានបុកគ្នាពេញទំហឹង មុនពេលខ្ទាតទៅបុកឡានដឹកទំនិញ កង់១៨  បណ្តាលឱ្យខូចខាតយ៉ាងដំណំ។ ក្នុងហេតុការណ៍នេះ សិស្សសាលាចំនួន ២៤ នាក់បានរងរបួស និងមាន ២ នាក់បានជាប់គាំងក្នុងរថយន្ត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចនគរបាលថៃ ស្ដីពីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកសិស្ស២គ្រឿង និងឡានដឹកទំនិញ កង់១៨ ១គ្រឿង សរុបចំនួន ៣ គ្រឿង នៅចំណុចផ្លូវបត់ត្រឡប់ក្រោយ (U-turn) ក្នុងឃុំ Sali ស្រុក Bang Pla Ma ខេត្តសុផាន់បុរី។

ក្រោយទទួលបានដំណឹង កម្លាំងសមត្ថកិច្ច រួមជាមួយក្រុមសង្គ្រោះបន្ទាន់នៃមូលនិធិផ្សេងៗ និងក្រុមគ្រូពេទ្យ បានចុះទៅអន្តរាគមន៍ជួយសង្គ្រោះក្មេងៗសិស្សសាលាភ្លាមៗ ចំពេលដែលមានការភ័យស្លន់ស្លោពីសំណាក់អាណាព្យាបាលដែលបានដឹងដំណឹង ហើយប្រញាប់មកមើលកូនៗដោយក្តីបារម្ភ។

សមត្ថកិច្ចបានប្រើប្រាស់ឧបករណ៍កាត់ដែក ដើម្បីជួយសង្គ្រោះសិស្ស ២ នាក់ដែលជាប់គាំងនៅក្នុងរថយន្តវ៉ែនចេញមកក្រៅដោយសុវត្ថិភាព។ 

ជារួម មានសិស្សរងរបួសចំនួន ២៤ នាក់ (ភាគច្រើនរងរបួសស្រាល និងដាច់រលាត់ស្បែក) ហើយបច្ចុប្បន្នត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ១កន្លែង។

បច្ចុប្បន្ន នគរបាលប៉ុស្តិ៍ Bang Pla Ma កំពុងពិនិត្យទីកន្លែងកើតហេតុយ៉ាងល្អិតល្អន់ ដើម្បីស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ ដើម្បីចាត់វិធានការតាមច្បាប់បន្តទៀត៕

ប្រភព៖ Khaosod

Share.