ប្រទេសគុយបាបានប្រកាសថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារលើក្រុមមនុស្សដែលព្យាយាមជ្រៀតចូល មកក្នុងទឹកដីរបស់ខ្លួនដោយប្រើប្រាស់ទូកល្បឿនលឿនដែលបានចុះបញ្ជីនៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។
ក្រសួងមហាផ្ទៃគុយបាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថាកងកម្លាំងការពារព្រំដែនគុយបាបានចូលទៅជិតទូកខាងលើដើម្បីត្រួតពិនិត្យបន្ទាប់ពីទូកនោះបានចូលមកក្នុងដែនទឹកគុយបា នៅតំបន់កោះ Falcones Cay ខេត្ត VillaClara ដែលមានចម្ងាយត្រឹមតែជាង ១៦០គីឡូពីរដ្ឋ ផ្លរីដា។

ក្រសួង បានបន្តថាអ្នកដំណើរម្នាក់នៅលើទូកល្បឿនលឿនបានបាញ់សំដៅមកលើទូកកងកម្លាំងការពារព្រំដែនបណ្តាលឱ្យអ្នកបញ្ជាទូកម្នាក់រងរបួស។
កងកម្លាំងគុយបាក៏បានបាញ់តបតវិញបណ្តាលឱ្យមនុស្សនៅលើទូកល្បឿនលឿនស្លាប់ ៤ នាក់ និងរងរបួស ៦ នាក់។ ក្រសួងបន្ថែមថាអ្នកដំណើរទាំងនោះគឺជាជនជាតិគុយបាដែលរស់នៅសហរដ្ឋអាមេរិក ហើយសមត្ថកិច្ចដកហូតបានអាវុធរួមមានកាំភ្លើងវែងវាយប្រហារ កាំភ្លើងខ្លី និងគ្រាប់បែកដប ពីលើទូកល្បឿនលឿននោះ។


សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃគុយបាបានបញ្ជាក់ថាយោងតាមចម្លើយសារភាពបឋមរបស់អ្នកដំណើរដែលរស់រានមានជីវិតទាំង ៦ នាក់ដែលកំពុងត្រូវបានឃុំខ្លួន ក្រុមនេះ «មានចេតនាជ្រៀតចូលដើម្បីធ្វើសកម្មភាពភេរវកម្ម»។
ក្រសួងបានបន្ថែមថាក្នុងចំណោមអ្នករស់រានមានជីវិត ២ នាក់គឺជាបុគ្គលដែលអាជ្ញាធរគុយបាធ្លាប់តាមចាប់ខ្លួនពីបទភេរវកម្មពីមុនមក។ចំណែកម្នាក់ទៀតដែលត្រូវបានបញ្ជូនមកពីសហរដ្ឋអាមេរិកដើម្បី «សម្របសម្រួលក្នុងការទទួលក្រុមជ្រៀតចូលប្រដាប់អាវុធ» ត្រូវបានចាប់ខ្លួន និងបានសារភាពកំហុសហើយ។
ហេតុការណ៍នេះបានកើតឡើងចំពេលដែលភាពតានតឹងកំពុងកើនឡើងរវាងសហរដ្ឋអាមេរិកនិងគុយបាដោយសារសហរដ្ឋអាមេរិកបានរារាំងការដឹកជញ្ជូនប្រេងស្ទើរតែទាំងអស់ទៅកាន់កោះដែលគ្រប់គ្រងដោយរបបកុម្មុយនីស្តមួយនេះ។

ការខ្វះខាតប្រេងបានធ្វើឱ្យសេដ្ឋកិច្ចគុយបាធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ មុននេះលោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍ថាស្ថានទូតអាមេរិកក្នុងទីក្រុងឡាហាវ៉ាន កំពុងត្រួតពិនិត្យហេតុការណ៍នេះបន្ទាប់ពីទទួលបានការជូនដំណឹងពីអាជ្ញាធរគុយបា។
«យើងនឹងស្វែងរកការពិតឱ្យច្បាស់ថាមានអ្វីកើតឡើងនៅទីនេះហើយយើងនឹងឆ្លើយតបតាមភាពសមស្រប»លោក Rubio បានថ្លែង។
គួរបញ្ជាក់ផងដែរថាលេខបញ្ជីទូកល្បឿនលឿនដែលអាជ្ញាធរគុយបាផ្តល់ឱ្យគឺ FL7726SH ដែលត្រូវនឹងទូកម៉ាស៊ីនទំហំ២៤ ហ្វ៊ីត ផលិតក្នុងឆ្នាំ ១៩៨១យោងតាមកំណត់ត្រាមូលដ្ឋានទិន្នន័យនាវាចរណ៍របស់សហរដ្ឋអាមេរិក៕

