នៅក្នុងឱកាសចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងសង្កត់ធ្ងន់ថា អាហារដែលប្រកបដោយគុណភាពគឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់លទ្ធផលសិក្សារបស់កុមារគ្រប់រូប។ លោកជំទាវបានលើកទឹកចិត្តយ៉ាងមុតមាំឱ្យគណៈគ្រប់គ្រងសាលារៀនបន្តអនុវត្តកម្មវិធីនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាថាការមកសាលារៀនរបស់សិស្សានុសិស្សមានភាពទៀងទាត់ និងទទួលបានរបបអាហារដែលមានអាហារូបត្ថម្ភចម្រុះសម្រាប់ជួយដល់ការផ្តោតអារម្មណ៍លើការរៀនសូត្រ។ បន្ថែមលើសពីការផ្តល់អាហារ លោកជំទាវបានណែនាំឱ្យលោកគ្រូអ្នកគ្រូឆ្លៀតពេលពន្យល់សិស្សានុសិស្សអំពីអត្ថប្រយោជន៍នៃសមាសធាតុផ្សំក្នុងអាហារ និងការបណ្តុះទម្លាប់ហូបស្អាតដែលមានសុវត្ថិភាពតាំងពីវ័យក្មេង ដើម្បីចៀសវាងការទទួលទានអាហារដែលមានជាតិស្ករ អំបិល ឬខ្លាញ់ខ្ពស់ ដែលអាចបង្កឱ្យមានជំងឺផ្សេងៗដូចជាជំងឺទឹកនោមផ្អែមជាដើម។

ទន្ទឹមនឹងការយកចិត្តទុកដាក់លើសុខភាពសិស្ស លោកជំទាវបណ្ឌិតក៏បានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់កសិផលក្នុងសហគមន៍ និងការដាំដុះបន្លែជុំវិញសាលារៀន ដែលវាមិនត្រឹមតែជួយបង្កើនគុណភាពអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយក្នុងការជួយទ្រទ្រង់ដល់ជីវភាពរបស់កសិករ និងពង្រឹងសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរឹងមាំ។ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកជំទាវបានមានប្រសាសន៍ដោយផ្ទាល់នូវការពេញចិត្តចំពោះរសជាតិអាហារដែលចម្អិនដោយចុងភៅក្នុងសាលា ដែលមានរសជាតិសមល្មម មិនប្រៃ មិនផ្អែម និងមានអនាម័យខ្ពស់។ លោកជំទាវបានចាត់ទុកថា ការបណ្តុះទម្លាប់នៃការបរិភោគអាហារដែលមានសុវត្ថិភាព និងការយល់ដឹងពីគុណសម្បត្តិនៃអាហារូបត្ថម្ភតាំងពីកុមារភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់អនាគតរបស់ពួកគេម្នាក់ៗ និងសម្រាប់សង្គមជាតិទាំងមូល។

សូមជម្រាបថា កម្មវិធីផ្តល់អាហារតាមសាលារៀន បានចាប់ផ្តើមអនុវត្តនៅឆ្នាំ១៩៩៩ ដោយកម្មវិធីស្បៀងអាហារពិភពលោក(WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមហិរញ្ញប្បទានជំនួយរបស់មូលនិធិ McGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ដោយចាប់ផ្ដើមដំបូងមានតែ៦៤សាលា និងមានអ្នកទទួលផល ៣៧ ៥០០ នាក់ប៉ុណ្ណោះ។ មកដល់បច្ចុប្បន្ន កម្មវិធីផ្តល់អាហារតាមសាលារៀនបានពង្រីកខ្លួនទៅដល់សាលារៀនគោលដៅសរុបចំនួន ១ ១១៤ សាលា ក្នុងខេត្តចំនួន១០ ទូទាំងប្រទេស និងមានសិស្សទទួលផលសរុបប្រមាណជាង ៣០ ម៉ឺននាក់។ បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ រាជរដ្ឋាភិបាលនឹងទទួលអនុវត្តកម្មវិធីនេះទាំងស្រុងនៅឆ្នាំ ២០២៩៕

Share.