
ក្នុងឱកាសចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍បង្ហាញពីកង្វល់ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះដល់កុមារដែលរងគ្រោះដោយសារជម្លោះព្រំដែន។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ននៅមានកុមារប្រមាណ ៥,០០០ នាក់ទៀតដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក ហើយក្រសួងបាននិងកំពុងរៀបចំសាងសង់កន្លែងសិក្សាបណ្តោះអាសន្នជូនពួកគេជាបន្តបន្ទាប់។ លោកបានបន្ថែមថា រាជរដ្ឋាភិបាលបានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចនៅខេត្តបន្ទាយមានជ័យ ដើម្បីកសាងសាលារៀនរួមមួយឱ្យបានរឹងមាំសម្រាប់កុមារទាំងនោះបានចូលរៀនឡើងវិញ ស្របពេលដែលកម្ពុជាកំពុងបន្តដោះស្រាយបញ្ហាជាមួយភាគីថៃ។

ក្រៅពីខេត្តបន្ទាយមានជ័យ ឯកឧត្តមក៏បានលើកឡើងពីស្ថានភាពកុមារប្រមាណ ១,៣០០ នាក់ផ្សេងទៀតនៅខេត្តព្រះវិហារ ដែលកំពុងស្នាក់នៅតាមជម្រកបណ្តោះអាសន្នផងដែរ។ ដើម្បីឆ្លើយតបនឹងស្ថានភាពអាកាសធាតុក្តៅ ក្រសួងនឹងរៀបចំបញ្ជូនតង់ខ្នាតធំទៅកាន់តំបន់នោះនៅចុងខែក្តៅនេះ ព្រមទាំងបន្តផ្តល់ស្បៀងអាហារ និងសម្ភារចាំបាច់នានា ដើម្បីធានាថាការសិក្សា និងការហូបចុករបស់កុមារត្រូវបានយកចិត្តទុកដាក់ជាចម្បង។
នៅក្នុងរបាយការណ៍ដែលឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈអធិបតី ក្នុងឱកាសចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃសង្គ្រាមឈ្លានពានទឹកដីបង្កដោយកងទ័ពថៃ រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់អាហារជូនកុមារភៀសសឹក ដែលស្នាក់នៅជំរំប្រមូលផ្ដុំ បណ្តោះអាសន្ន។ កុមារចំនួន ៧៩៦នាក់ ស្រី ៤០២នាក់ មកពីសាលាបឋមសិក្សាចំនួន ៣ និងអនុវិទ្យាល័យចំនួន ១ បានទទួលអាហារពេលព្រឹក។ ការផ្តល់ជូននេះ បានជួយសម្រាលបន្ទុក ចំណាយរបស់មាតាបិតា អ្នកអាណាព្យាបាល និងលើកកម្ពស់អាហារូបត្ថម្ភដល់ពួកគេ ពេលស្នាក់នៅរៀនសូត្រនៅក្នុងជំរំ។ ដូចគ្នានេះដែរ កម្មវិធីអាហារូបករណ៍ ក៏ត្រូវបានផ្តល់ជូនសិស្សក្រីក្រ ដោយលើកលែងលក្ខខណ្ឌតម្រូវនៃការមានវត្តមានលើសពី ៨០ ភាគរយ និងលទ្ធផលសិក្សា ចាប់ពីជាប់មធ្យមភាគឡើង ដល់សិស្សជាជនភៀសសឹកស្នាក់នៅក្នុងជុំរំ៕

