ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកអេតចាយមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ បានឮស្នូសំឡេងផ្ទុះលាន់ឮយ៉ាងខ្លាំង រួចបង្កទៅជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមនោះដែរអ្នកជិតខាងបាននាំគ្នាទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន និងប្រមូលសម្ភារះដែលមានតម្លៃចេញ ហើយក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ បន្ទាប់ពីសមត្ថកិច្ចទទួលបានដំណឹងខាងលើភ្លាម កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ពន្លត់។

ក្រោយមក កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹកជាច្រើនគ្រឿងទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាយប់ថ្ងៃដដែល។ ករណីខាងលើនេះដែរ មិនបណ្តាលឲ្យមានអ្នកស្លាប់និងអ្នករងរបួសនោះទេ គ្រាន់តែខូចខាតឃ្លាំងស្តុកអេតចាយមួយខ្នង រួមមានសម្ភារះក្នុងនោះមួយចំនួនធំ។ ចំពោះមូលហេតុដែលបង្កជាអគ្គិភ័យសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ។
អត្ថបទ៖ សេង សាវី

