ស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ២នាក់ និងដកហូតគ្រឿងញៀនសរុប ២៤គីឡូក្រាម។

ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនី ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំពីលោកឧត្តមសេនីយ៍ទោពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង។
ជនសង្ស័យទាំង ២នាក់ រួមមាន ឈ្មោះ ឡេ វាំងហ៊ីវ ភេទប្រុស អាយុ ៣១ឆ្នាំ មានស្រុកកំណើតខេត្តដុងថាប់ និងឈ្មោះ ឡេ វឹកវឹង ភេទស្រី អាយុ ៣១ឆ្នាំ មានស្រុកកំណើតខេត្តតៃនិញ ប្រទេសវៀតណាម។ ទាំងពីរមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន។
វត្ថុតាងដកហូតរួមមាន ថ្នាំញៀនចំនួន ២៤ដុំ ស្មើនឹង ២៤គីឡូក្រាម, ម្សៅសង្ស័យជាថ្នាំញៀន ៣កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌ខៀវ ១កញ្ចប់ , ថ្នាំញៀនកញ្ចប់ពណ៌មាសចំនួន ៦២កញ្ចប់, ទូរសព្ទដៃ ៣គ្រឿង និងម៉ូតូ ៤គ្រឿង។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៦៖៣០នាទី នៅបន្ទប់លេខ៣៥១ សណ្ឋាគារណារីស្វីត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានសាលាដំបូងខេត្តស្វាយរៀង ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារខេត្ត ដើម្បីបន្តនីតិវិធីតាមច្បាប់។
អត្ថបទ៖ ចតុម្មុខ

