ក្នុងបរិបទដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកំណើនយានយន្តយ៉ាងគំហុក បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានក្លាយជាវិញ្ញាសាដ៏ក្តៅគគុក ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ មិនមែនជាការដាក់សម្ពាធលើប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាគឺជាការចាក់វ៉ាក់សាំងការពារសន្តិសុខសង្គម និងសេចក្តីសុខសាន្តរបស់គ្រួសារនីមួយៗ។

នៅមុនពេលចូលដល់ចំណុចលម្អិតពាក់ព័ន្ធនឹងសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ ស្មេរសូមរំលឹកបន្តិចអំពីផលប៉ះពាល់និងការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០២៥កន្លងទៅ។ យោងតាមរបាយការណ៍បង្ហាញថា គ្រោះថ្នាក់ចរចរណ៍នៅតែជាឃាតកលាក់មុខតាមដងផ្លូវចាំផ្តាច់ជីវិតមនុស្សចន្លោះពី៤ទៅ៥នាក់រៀងរាល់ថ្ងៃ ខណៈដែលមនុស្សពី១០ទៅ២០នាក់បានរងរបួស។ មានការប៉ាន់ស្មានថា កម្ពុជាបានខាតបង់ចន្លោះពី៤៥០ទៅ៥០០លានដុល្លារដោយសារតែគ្រោះថ្នាក់ចរាចរណ៍។

តួលេខស្លាប់៤-៥ នាក់ក្នុងមួយថ្ងៃ មិនមែនគ្រាន់តែជាលេខនោះទេ ប៉ុន្តែវាគឺជាសមាជិកគ្រួសារ ប្តី ប្រពន្ធ កូន ឬឪពុកម្តាយរបស់នរណាម្នាក់។ ការខាតបង់ថវិកាជិត ៥០០ លានដុល្លារ គឺជាចំនួនទឹកប្រាក់ដ៏មហិមាដែលយើងអាចយកទៅសាងសង់សាលារៀន ឬមន្ទីរពេទ្យទំនើបៗបានជាច្រើន ប្រសិនបើគ្រប់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍។

ក្នុងន័យនេះ ការរឹតបន្តឹងនិងការចូលរួមគោរពច្បាប់ចរាចរណ៍ពីសំណាក់នគរបាលនិងអ្នកប្រើប្រាស់យានជំនឹះគ្រប់ប្រភេទគឺជារឿងដ៏ចាំបាច់សម្រាប់ទាំងបច្ចុប្បន្នក៏ដូចជាទៅអនាគត។

តាមការកត់សម្គាល់ ខណៈដែលសមត្ថកិច្ចចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញនាពេលថ្មីៗនេះ គេឃើញថាមានប្រតិកម្មចម្រុះបានលេចឡើងក្នុងចំណោមប្រជាពលរដ្ឋ ពោលគឺមានទាំងក្រុមអ្នកគាំទ្រនិងអ្នកដែលមិនសាទរ។ សម្រាប់ អ្នកបើកបរដែលគោរពច្បាប់ ចង់ឃើញសណ្តាប់ធ្នាប់ល្អនិងសុវត្ថិភាពនៅតាមដងផ្លូវ បានបង្ហាញនូវការសាទរនិងលើកទឹកចិត្តដល់សមត្ថកិច្ចចរាចរណ៍ឲ្យអនុវត្តការរឹតបន្តឹង ច្បាប់ចរាចរណ៍ឲ្យបានជាប់ជាប្រចាំ។ ដោយឡែកសម្រាប់អ្នកបើកបរខ្លះដែលមិនបាន ផ្តល់តម្លៃទៅលើការអនុវត្តច្បាប់និងចូលចិត្តបើកបរបង្កភាពរញ៉េរញ៉ៃនៅតាមដងផ្លូវ បែរជានាំគ្នាបង្ហាញនូវការមិនពេញចិត្តចំពោះចំណាត់ការរបស់សមត្ថកិច្ចក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ទៅវិញ។

ក្នុងនាមជាពលរដ្ឋមួយរូប ស្មេរគាំទ្រចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ និងសូមអំពាវនាវឲ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោលឲ្យបានគ្រប់ៗគ្នា។ បើសមត្ថកិច្ចពង្រឹងការអនុវត្ត ប៉ុន្តែខ្វះការចូលរួមពីពលរដ្ឋដែលជាអ្នកប្រើប្រាស់យានយន្ត គ្រប់ប្រភេទនោះ យុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោល ពិតជាមិនទទួលបានជោគជ័យដូចការរំពឹងទុកនោះឡើយ។សូមកុំធុញទ្រាន់ និងកុំស្អប់និងមានគំនុំជាមួយនគរបាលចរាចរណ៍ ដោយគ្រាន់តែសមត្ថកិច្ចអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ទៅតាមច្បាប់និងការចាត់តាំងរបស់ថ្នាក់ដឹកនាំ។សូមគោរពច្បាប់គ្រប់ពេលវេលា ជាងជាងគោរពនិងខ្លាចនគរបាលចរាចរណ៍។

ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ មិនមែនជាការធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋនោះទេ ប៉ុន្តែវាគឺជា វិធានាការការពារអាយុជីវិតសម្រាប់យើងទាំងអស់គ្នា។ ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើឡើងដើម្បីតែគេចពីការផាកពិន័យរបស់សមត្ថកិច្ចឡើយ ប៉ុន្តែគឺដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។

“ថ្ងៃនេះ អ្នកអាចនឹងថ្នាំងថ្នាក់ចិត្តនឹងការផាកពិន័យ ប៉ុន្តែថ្ងៃក្រោយ អ្នកនឹងដឹងគុណដែលច្បាប់បានជួយឱ្យអ្នកវិលត្រឡប់ទៅជួបជុំគ្រួសារវិញដោយសុវត្ថិភាព។”

អត្ថបទ៖ត្រយង

Share.