អតីតមន្ត្រីកងទ័ពអាកាសសហរដ្ឋអាមេរិក និងជាអ្នកបើកបរយន្តហោះចម្បាំងកម្រិតខ្ពស់ ត្រូវបានចាប់ខ្លួន និងរងការចោទប្រកាន់ពីបទក្បត់ជាតិ បន្ទាប់ពីបានចូលរួមហ្វឹកហ្វឺនឱ្យពីឡុតយោធាចិនដោយខុសច្បាប់។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានឱ្យដឹងថា អតីតវរសេនីយ៍ត្រី Gerald Brown នៃកងទ័ពអាកាស ដែលធ្លាប់ត្រូវបានគេស្គាល់ក្រោមរហស្សនាមថា “រ៉ាន់នឺ” ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ (២៥ កុម្ភៈ) នៅក្នុងរដ្ឋ Indiana។ លោកត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌ ក្នុងករណីផ្តល់ជំនួយ និងសមគំនិតក្នុងការហ្វឹកហ្វឺនផ្នែកការពារជាតិដល់ពីឡុតចិន ដោយមិនទទួលបានការអនុញ្ញាត។


លោកRoman Rozhavsky ជំនួយការនាយកផ្នែកសម្ងាត់ និងចារកម្មនៃ FBI បានថ្លែងថា លោក ជើរ៉ាល់ ប្រោន ដែលជាអតីតគ្រូបង្ហាត់ពីឡុតយន្តហោះចម្បាំង F-35 Lightning II វ័យ ៦៥ ឆ្នាំ និងមានបទពិសោធន៍រាប់សិបឆ្នាំក្នុងកងទ័ពអាកាស ត្រូវបានចោទប្រកាន់ថា “ក្បត់ជាតិ” តាមរយៈការបង្ហាត់ពីឡុតចិនឱ្យមកប្រយុទ្ធជាមួយអ្នកដែលខ្លួនធ្លាប់ស្បថថាការពារ។ លោកបានបន្ថែមថា រដ្ឋាភិបាលចិននៅតែបន្តស្វែងរកផលប្រយោជន៍ពីជំនាញរបស់អតីតសមាជិក និងសមាជិកបច្ចុប្បន្ននៃកងទ័ពសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួនឱ្យកាន់តែទំនើប ហើយការចាប់ខ្លួននេះគឺជា “ការព្រមាន” ដ៏សំខាន់មួយ។

ចំណែកលោកស្រី Jeanine Ferris Pirro ព្រះរាជអាជ្ញាសហរដ្ឋអាមេរិកប្រចាំមណ្ឌល Columbia បានលើកឡើងថា លោក Gerald Brown និងអ្នកទាំងឡាយណាដែលសមគំនិតប្រឆាំងនឹងប្រទេសជាតិ ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។

លោក ប្រោន ធ្លាប់បម្រើការក្នុងកងទ័ពអាកាសសហរដ្ឋអាមេរិកអស់រយៈពេល ២៤ ឆ្នាំ ដោយធ្លាប់ចូលរួមបេសកកម្មប្រយុទ្ធ និងបញ្ជាការដ្ឋានអង្គភាពសំខាន់ៗ រួមទាំងអង្គភាពដែលពាក់ព័ន្ធនឹងប្រព័ន្ធដឹកជញ្ជូនអាវុធនុយក្លេអ៊ែរផងដែរ។
បន្ទាប់ពីលាឈប់ពីកងទ័ពនៅឆ្នាំ ១៩៩៦ លោកបានធ្វើការជាអ្នកបើកបរយន្តហោះដឹកជញ្ជូនពាណិជ្ជកម្ម មុនពេលក្លាយជាគ្រូបង្ហាត់ពីឡុតអាមេរិកសម្រាប់ការបើកបរយន្តហោះចម្បាំង F-35 និង A-10។ មានរបាយការណ៍ថា លោក ប្រោន បានធ្វើដំណើរទៅកាន់ប្រទេសចិនកាលពីខែធ្នូ ឆ្នាំ ២០២៣ ដើម្បីចាប់ផ្តើមការងារហ្វឹកហ្វឺនឱ្យពីឡុតចិន និងបានស្នាក់នៅទីនោះរហូតដល់ដើមខែកុម្ភៈ ឆ្នាំ ២០២៦ ទើបត្រឡប់មកសហរដ្ឋអាមេរិកវិញ។

ក្រសួងយុត្តិធម៌បានបញ្ជាក់ទៀតថា ការធ្វើកិច្ចសន្យាការងារបង្ហាត់នេះ មានអ្នកសម្របសម្រួលគឺលោក Stephen Su Bin ជនជាតិចិនដែលធ្លាប់មានទោសកាលពីឆ្នាំ ២០១៦ និងជាប់ពន្ធនាគារ ៤ ឆ្នាំ ពីបទសមគំនិតលួចចូលប្រព័ន្ធកុំព្យូទ័រ របស់ក្រុមហ៊ុនម៉ៅការការពារជាតិនៅសហរដ្ឋអាមេរិក ដើម្បីលួចយកការសម្ងាត់យោធាឱ្យទៅប្រទេសចិន៕

