ត្បូងឃ្មុំ៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានបង្ក្រាបមុខសញ្ញាក្មេងទំនើង និងឃាត់ខ្លួនជនសង្ស័យសរុប ២១នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ចំនួន ៧ករណី ដែលកើតឡើងនៅតាមបណ្តាស្រុកក្នុងខេត្ត។


ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ ស ថេត អគ្គស្នងការនគរបាលជាតិ និង ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំផ្ទាល់របស់ ចិន នី ស្នងការនគរបាលខេត្ត។ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បានសហការជាមួយនគរបាលក្រុង-ស្រុក និងនាយកដ្ឋានពាក់ព័ន្ធ ដើម្បីស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបទល្មើស។


យោងតាមសមត្ថកិច្ច ករណីទាំង ៧ មានលក្ខណៈកាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ និង SCOOPY ដែលបានកើតឡើងនៅស្រុកតំបែរ ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ និងស្រុកពញាក្រែក ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦។


បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួកចំនួន ៥នាក់ទៀត បានរត់គេចខ្លួន ហើយកម្លាំងជំនាញកំពុងបន្តតាមស្វែងរក ដើម្បីចាត់វិធានការតាមច្បាប់បន្តទៀត៕

អត្ថបទ÷អាចារ្យលាក់

Share.