មណ្ឌលគីរី៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យគម្រោងកែច្នៃឫស្សីដោយក្រុមហ៊ុន Bambusa Global Ventures (BGV) នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគីរី នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងធ្វើការជាមួយសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា តាមរយៈការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដល់សមាជិកសហគមន៍ លើការគ្រប់គ្រងធនធានឫស្សីក្នុងតំបន់ការពារធម្មជាតិ ការថែទាំឫស្សី ការប្រមូលផលប្រកបដោយនិរន្តរភាព និងការច្នៃឫស្សីធ្វើជាផលិតផលផ្សេងៗឱ្យអស់លទ្ធភាព មានដូចជា គ្រឿងសង្ហារឹម ក្តារបន្ទះ គ្រឿងសំណង់ និងជីវៈធ្យូងជាដើម។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានពង្រីកការបណ្តុះឫស្សីពីងពង់ ដែលជាឫស្សីមានគុណភាពល្អ សម្រាប់ការកែច្នៃធ្វើគ្រឿងសង្ហារឹមផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីជំនាញក្រសួងបរិស្ថាន បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ ផ្នែកឯកជន និងសហគមន៍មូលដ្ឋាន ធ្វើការពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងលើកកម្ពស់ជីវភាព សហគមន៍តាមរយៈការប្រើប្រាស់អនុផលព្រៃឈើដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការចូលរួមបណ្តុះបណ្តាល និងពង្រឹងជំនាញវិជ្ជាជីវៈ ដល់សហគមន៍លើការងារគ្រប់គ្រងធនធានធម្មធម្មជាតិប្រកបដោយនិរន្តរភាព និងប្រែក្លាយសហគមន៍គោលដៅលំហែបៃតង ផ្តល់ភាពជាម្ចាស់ដល់សហគមន៍ និងជួយលើកកម្ពស់ជីវភាពសហគមន៍។ យុទ្ធសាស្រ្តនេះ បានជួយកែប្រែទំលាប់របស់ប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វ មកប្រកបមុខរបរថ្មី ដូចជាអ្នកផ្តល់សេវាទេសចរណ៍ អាចបង្កើនចំណូលសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កាន់តែប្រសើរថែមទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុន BGV ជាសហគ្រាសមួយដែលបានប្រតិបត្តិការក្នុងប្រទេសកម្ពុជា និងធ្វើការងារជាមួយសហគមន៍មូលដ្ឋាន ចាប់តាំងពីឆ្នាំ២០១០ ដើម្បដកហូតឬស្សី ដាំឬស្សីឡើងវិញ និងកែច្នៃឫស្សីធម្មជាតិ ទៅជាផលិតផលប្រើប្រាស់ជាច្រើនប្រភេទ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

អត្ថបទ៖ ត្រយងតូច

Share.