ត្បូងឃ្មុំ៖ អាគារសិក្សាថ្មី ១ខ្នង កម្ពស់ ២ជាន់ មាន ១២បន្ទប់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅ វិទ្យាល័យ ហ៊ុន សែន ព្រែកអាជី ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

អាគារថ្មីនេះ ត្រូវបានចាត់ទុកថាជាសមិទ្ធផលសំខាន់មួយ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ នៅក្នុងមូលដ្ឋាន ដោយជួយបង្កើនសមត្ថភាពទទួលសិស្ស កាត់បន្ថយភាពចង្អៀតក្នុងថ្នាក់រៀន និងបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ជាងមុន។

ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់ថា ការអប់រំជាគ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិ ដោយអំពាវនាវឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យ និងជៀសឆ្ងាយពីអំពើអបាយមុខនានា។ ជាមួយគ្នានេះ ក៏បានលើកទឹកចិត្តដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ បន្តថែរក្សា និងប្រើប្រាស់សមិទ្ធផលឱ្យបានយូរអង្វែង និងមានប្រសិទ្ធភាព។

ក្រៅពីអាគារសិក្សាថ្មី សមិទ្ធផលដែលដាក់ឱ្យប្រើប្រាស់រួមមាន កន្លែងលាងដៃ ២កន្លែង ក្លោងទ្វារ របង រោងកង់-ម៉ូតូ និងផ្លូវបេតុងប្រវែង ៤២៣ម៉ែត្រ ដែលរួមចំណែកធ្វើឱ្យបរិស្ថានសាលាមានរបៀបរៀបរយ និងងាយស្រួលក្នុងការធ្វើដំណើររបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះ ត្រូវបានចាត់ទុកថាជាជំហានថ្មីមួយ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងជំរុញការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែរីកចម្រើននៅក្នុងខេត្ត។

អត្ថបទ៖ អាចារ្យលាក់

Share.