ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ផ្ទុះអាវុធជាច្រើនគ្រាប់ ខណៈជិះប្រដេញចាប់ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាកាច់កម៉ូតូពីប្រជាពលរដ្ឋយ៉ាងសកម្ម។

ករណីឃាត់ជនសង្ស័យខាងលើនេះដែរ កើតឡើងនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់សហការគ្នាធ្វើការស្រាវជ្រាវរក ក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងតែជិះម៉ូតូនៅលើផ្លូវ២០០៤ ភ្លាមនោះដែរ សមត្ថកិច្ចក៏បានជិះប្រដេញពីក្រោយរហូតខណៈជនសង្ស័យដឹងខ្លួនក៏ជិះរត់យ៉ាងលឿនឆ្ពោះមកផ្លូវ២៧១ រហូតមកដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យ សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ ទើបឃាត់បានជនសង្ស័យម្នាក់រួមវត្ថុតាងម៉ូតូឌ្រីមសង់មួយគ្រឿងបញ្ជូនទៅស្នងការក្រុង។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងតែធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមនីតិវិធីច្បាប់។
អត្ថបទ៖ សេង សាវី

