ការបើកប្រតិបត្តិការយោធារវាង អាមេរិក-អ៊ីស្រាអែល ទៅលើ អ៊ីរ៉ង់ បានឈានដល់ដំណាក់កាលមួយដែលអ្នកឃ្លាំមើលព្រឹត្តិការណ៍អន្តរជាតិឱ្យឈ្មោះថា តំបន់ពណ៌ប្រផេះ។ ការឱ្យឈ្មោះបែបនេះ ព្រោះផ្អែកលើស្ថានភាពមួយដែលមិនទាន់ផ្ទុះជាសង្គ្រាមពេញលេញ ដែលគ្រាន់តែជាការសាកល្បងឥទ្ធិលគ្នានៅក្នុងតំបន់ ប៉ុន្តែក៏គ្មានស្រមោល​នៃ​សន្តិភាព។

ការវាយបកគ្នាទៅវិញទៅមកក្នុងទម្រង់ ២ ទល់ ១ មិនមែនជាការចៃដន្យឡើយនៅក្នុងភូមិសាស្ត្រនយោបាយមជ្ឈិមបូព៌ា ប៉ុន្តែវាគឺជាការសាកល្បងឥទ្ធិពលយ៉ាងប្រយ័ត្នប្រយែងបំផុតមួយ ដែលស្ដែងចេញឱ្យឃើញនូវរូបភាពសំខាន់ៗ ចំនួន៣ចំណុច ដូចខាងក្រោម៖

១. ល្បែងអុកទណ្ឌកម្ម នុយក្លេអ៊ែរ និងអាវុធសេដ្ឋកិច្ច

បញ្ហានុយក្លេអ៊ែរនៅតែជា “ឆ្អឹងទទឹងក” និងជាការគំរាមកំហែងធំបំផុត សម្រាប់អាមេរិក និងអ៊ីស្រាអែល ដូច្នេះការដែលអ៊ីរ៉ង់ខិតជិតទៅរកការចម្រាញ់អ៊ុយរ៉ានីញ៉ូមកម្រិតអាវុធ គឺជាខ្សែបន្ទាត់ក្រហម ដែលមិនអាចទទួលយកបាន។ ដំបូងឡើយអាមេរិកបានប្រើប្រាស់យុទ្ធសាស្ត្រនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាខ្នោះដៃ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់បន្ទន់ដៃលើតុចរចា។ អ៊ីស្រាអែល បានបន្តប្រើប្រាស់ប្រតិបត្តិការសម្ងាត់ និងការវាយប្រហារតាមអាកាសលើទីតាំងយុទ្ធសាស្ត្រ ដើម្បីពន្យារពេលកម្មវិធីនេះ។ ផ្ទុយទៅវិញ អ៊ីរ៉ង់បានប្រើប្រាស់វឌ្ឍនភាពនុយក្លេអ៊ែររបស់ខ្លួនធ្វើជាអាវុធដើម្បីតតាំងនឹងទណ្ឌកម្ម ដោយបង្ហាញថា ការដាក់សម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំង នឹងធ្វើឱ្យពួកគេកាន់តែខិតជិតការសម្រេចអាវុធនុយក្លេអ៊ែរដោយជោគជ័យ។

២. ជម្លោះដោយប្រយោលក្នុងសមរភូមិ

ការប្រឈមមុខដាក់គ្នាភាគច្រើនមិនមែនធ្វើឡើងនៅលើដីគោកនៃប្រទេសទាំងបីនោះទេ ពោលគឺប្រើប្រាស់ដែនអាកាស ប៉ុន្តែវាបានរីករាលដាលពាសពេញនៃរបារការតស៊ូ។ ពីលីបង់ ស៊ីរី អ៊ីរ៉ាក់ រហូតដល់យេម៉ែន អ៊ីរ៉ង់បានប្រើប្រាស់ក្រុមប្រដាប់អាវុធជាខែល និងជាលំពែង ដើម្បីវាយប្រហារផលប្រយោជន៍អាមេរិក និងគំរាមកំហែងសន្តិសុខអ៊ីស្រាអែល។ក្នុងពេលមានជម្លោះប្រដាប់អាវុធ អាមេរិក និងអ៊ីស្រាអែល បានសហការគ្នាផ្ដល់ការវាយបកតាមរយៈបច្ចេកវិទ្យាដ្រូន និងមីស៊ីលកម្រិតខ្ពស់។ ការវាយប្រហារទាំងនេះគឺជាការ វាស់ស្ទង់រលកសីតុណ្ហភាពជម្លោះ បើភាគីម្ខាងហ៊ានដកថយ ភាគីម្ខាងទៀតនឹងរុលចូល។ វាគឺជាសង្គ្រាមស្រមោលដែលរក្សាតុល្យភាពអំណាច មិនឱ្យមានភាគីណាមួយត្រួតត្រាតំបន់ទាំងស្រុង។

៣. នយោបាយផ្ទៃក្នុង និងរដូវកាលបោះឆ្នោត

នយោបាយនៅក្នុងទីក្រុងវ៉ាស៊ីនតោន គឺជាកត្តាកំណត់ចុងក្រោយនៃការសាកល្បងឥទ្ធិពលម្ដងនេះ។ សម្រាប់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៦ បានបង្ហាញភាពទន់ជ្រាយចំពោះអ៊ីរ៉ង់ គឺជាអត្តឃាតនយោបាយ។ ចំណែកឯនៅអ៊ីស្រាអែល រដ្ឋាភិបាលត្រូវការបង្ហាញភាពរឹងមាំដើម្បីរក្សាសំឡេងគាំទ្រពីម្ចាស់ឆ្នោត។ ដោយឡែក សម្រាប់ទីក្រុងតេហេរ៉ង់ ការឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងអាមេរិក គឺជាវិធីសាស្ត្របង្រួបបង្រួមស្មារតីជាតិនិយម និងពង្រឹងភាពស្របច្បាប់នៃរបបដឹកនាំនៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដែលប្រទេសនេះកំពុងតែប្រឈម។ ដូច្នេះ ការវាយប្រហារគ្នាក្នុងកម្រិតគ្របដណ្ដប់មួយ គឺដើម្បីបំរើឱ្យ រូបភាពនយោបាយ ក្នុងស្រុកច្រើនជាងការចង់បើកសង្គ្រាមពិតប្រាកដ។

អ្នកវិភាគព្រឹតិ្តការណ៍អន្តរជាតិយល់ឃើញថា ការវាយប្រហារ «២ ទល់ ១» នេះ គឺជាល្បែងគ្រោះថ្នាក់ដែលភាគីទាំងអស់សុទ្ធតែដឹងពីដែនកំណត់រៀងៗខ្លួន។ អាមេរិក និងអ៊ីស្រាអែល មិនទាន់ធ្លាក់ក្នុងភក់សង្គ្រាមវឹកវរថ្មីនោះទេ ខណៈអ៊ីរ៉ង់ក៏មិនចង់ប្រថុយនឹងការបំផ្លិចបំផ្លាញរបបដឹកនាំរបស់ខ្លួនដែរ។ លទ្ធផលដែលកំពុងបង្ហាញនៅសព្វថ្ងៃនេះ គឺគ្រាន់តែជាការសម្ញែងសាច់ដុំ ដើម្បីដណ្តើមប្រៀបឈ្នះនៅលើតុចរចានាពេលអនាគតតែប៉ុណ្ណោះ៕

Share.