បាត់ដំបង៖ ផ្អើលប្រជាពលរដ្ឋដែលចេញហាត់ប្រាណពេលព្រឹកដោយឃើញសាកសពយុវតីអាយុ ១៦ឆ្នាំម្នាក់ លោតពីលើស្ពានស្ទឹងសង្កែ កាលពីវេលាម៉ោងជិត ៥:០០នាទី ទៀបភ្លឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។ ហេតុការណ៍នេះកើតឡើងនៅចំណុចស្ពានសម្តេច ហ៊ុន សែន ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

យុវតីរងគ្រោះមានឈ្មោះ ប៉ែន រតនាពិកែវ អាយុ ១៦ឆ្នាំ មុខរបរបុគ្គលិកហាងមួយកន្លែង ក្នុងក្រុងបាត់ដំបង មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

តាមការបញ្ជាក់ពីសាច់ញាតិបានឱ្យដឹងថា ទំនាក់ទំនងរវាងជនរងគ្រោះជាមួយនឹងម្តាយមិនមានទំនាស់អ្វីនោះទេ។ ហើយនៅមុនពេលកើតហេតុ បងស្រីខ្លួនបានយកម៉ូតូរបស់ម្តាយចេញពីផ្ទះ ដោយប្រាប់ថាជិះដើរលេងបន្តិច។ លុះព្រឹកឡើងស្រាប់តែទទួលដំណឹងអកុសលនេះតែម្តង។ ជុំវិញករណីនេះ សមត្ថកិច្ចកំពុងចុះពិនិត្យ និងស្រាវជ្រាវបន្ថែម ដើម្បីបញ្ជាក់មូលហេតុឱ្យបានច្បាស់៕

Share.