ការចាប់ដៃគ្នារវាង ក្រសួងទេសចរណ៍ និង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអភិក្រម «ជវភាពនៃតួអង្គតែមួយ» មិនត្រឹមតែជាការបំបែករបាំងរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបញ្ចេញនូវកម្លាំងសរុបដើម្បីស្ដារ និងលើកកម្ពស់កិត្តិនាមជាតិលើឆាកអន្តរជាតិ។

ថ្មីនេះៗឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាផ្ទាល់ជាមួយអង្គទូត និងកុងស៊ុលកម្ពុជាចំនួន ៤៣ រូបនៅទូទាំងពិភពលោកដែលជាសញ្ញាណនៃពហុយុទ្ធសាស្ត្រ។ ស្ថានទូតមិនមែនត្រឹមតែជាកន្លែងដោះស្រាយកិច្ចការនយោបាយទៀតនោះទេ ប៉ុន្តែត្រូវដើរតួជាសេនាធិការជួរមុខក្នុងការធ្វើទីផ្សារទេសចរណ៍ និងទាក់ទាញវិនិយោគិន។ ការប្រើប្រាស់បណ្តាញការទូតដែលមានស្រាប់ ដើម្បីផ្សព្វផ្សាយពី អត្តសញ្ញាណខ្មែរ គឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត និងចំណាយតិចបំផុតក្នុងការជ្រាបចូលទៅក្នុងទីផ្សារអន្តរជាតិ។

កិច្ចពិភាក្សាបានផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅលើយុទ្ធសាស្រ្តថ្មីៗ ទាក់ទាញ និងបង្កើតភាពធន់ ដើម្បីឆ្លើយតបនឹងការប្រែប្រួលភូមិសាស្រ្តនយោបាយដ៏ឆាប់រហ័ស ស្មុគស្មាញ និងមិនអាចប៉ាន់ស្មាននាពេលបច្ចុប្បន្ន សំដៅទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រីកការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា (ទេសចរណ៍វប្បធម៌ប្រវតិ្តសាស្ត្រ, ទេសចរណ៍ធម្មជាតិ, ទេសចរណ៍នៅតាមតំបន់ឆ្នេរ), វប្បធម៌ប្រពៃណី, សាសនា, ម្ហូបអាហារ, ស្នាមញញឹមកម្ពុជា, ភាពជាខ្មែរ សុទ្ធសឹងជាអត្តសញ្ញាណរបស់កម្ពុជា រួមទាំងកាលានុវត្តភាពវិនិយោគដ៏ខ្លាំងក្លាពីកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយល្អប្រសើររបស់កម្ពុជា។

ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការបង្កើត “ភាពធន់” ក្នុងវិស័យទេសចរណ៍ គឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។ ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ មានន័យថាកម្ពុជានឹងមិនពឹងផ្អែកលើប្រភពភ្ញៀវតែមួយតំបន់ឡើយ ប៉ុន្តែនឹងពង្រីកឥទ្ធិពលទៅកាន់គ្រប់ទិសទីតាមរយៈបេសកកម្មការទូតនៅបរទេស។

សូមជម្រាបថា កិច្ចសហប្រតិបត្តិការ “តួអង្គតែមួយ” នេះ គឺជាចលករថ្មីមួយដែលនឹងប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព។ នៅពេលដែលមន្ត្រីការទូតកម្ពុជានៅក្រៅប្រទេស ក្លាយជា “អ្នកនាំពាក្យទេសចរណ៍” ដ៏សកម្ម នោះកិត្តិនាមរបស់កម្ពុជានឹងត្រូវបានលាន់ឮកាន់តែខ្លាំង ឯលំហូរភ្ញៀវទេសចរអន្តរជាតិ និងការវិនិយោគក៏នឹងកើនឡើង ដែលជាចំណែកដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ៕

Share.