សៀមរាប ៖ សិប្បកម្មកែច្នៃឈើខុសច្បាប់ចំនួន៧កន្លែង និងឡដុតធ្យូង១កន្លែង នៅក្នុងស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ខេត្តសៀមរាប ត្រួវបានសមត្ថកុច្ចចម្រុះខេត្តសៀមរាប ចុះទៅបង្ក្រាប កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ។

ប្រតិបត្តិការខាងលើ ដឹកនាំដោយ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប មន្ត្រីជំនាញ អាជ្ញាធរ ចុះទៅបង្ក្រាបសិប្បកម្មកែច្នៃឈើខុសច្បាប់ ចំនួន៧កន្លែង និងឡដុតធ្យូងមួយកន្លែង ក្នុងស្រុកស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ដោយរឹបអូសម៉ាស៊ីនកែច្នៃ និងឈើខុសច្បាប់ បំផ្លាញឡដុតធ្យូងចោល ។

លោកអភិបាលរងខេត្តបានឱ្យដឹងថា កន្លងមកអាជ្ញាធរខេត្ត និងមន្រ្ដីជំនាញ បានធ្វើការចុះណែនាំ និងបញ្ឈប់មិនឱ្យមាន និងមិនឱ្យធ្វើសិប្បកម្មកែច្នៃខុសច្បាប់បន្ដទៀត ប៉ុន្តែទីតាំងក្នុងភូមិសាស្ត្រខាងលើ នៅតែបន្តសកម្មភាពលួចលាក់ដដែល ហើយកម្លាំងចម្រុះបានសម្រេចដកហូតនូវឧបករណ៍បម្រើឱ្យសកម្មភាពកែច្នៃឈើជាច្រើនរួមមាន ៖ ម៉ាស៊ីនតាបចំនួន៤គ្រឿង, ម៉ាស៊ីនវាល ៣គ្រឿង និងម៉ាស៊ីនច្រៀក ៤គ្រឿង, ម៉ាស៊ីនភ្លើង ៤គ្រឿង, ម៉ាស៊ីនខ្យល់, ម៉ាស៊ីនកាត់ឈើ និងឧបករណ៍ក្រឡឹងមួយចំនួនទៀត។ ជាមួយគ្នានោះ ក្រុមការងារក៏បានដកហូតឈើប្រណិត និងឈើលេខ១ ចំនួន ២ទីតាំង ជាប្រភេទឈើកំណាត់សម្រាប់ដុតធ្យូង ព្រមទាំងសរសរឈើមួយចំនួន ដែលម្ចាស់បានរត់គេចខ្លួនបាត់ ។

លោកក៏បានស្នើឱ្យមានការបង្កើតសហគមន៍ឡធ្យូងគំរូមួយនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ដែលសហគមន៍នេះនឹងតម្រូវឱ្យប្រើប្រាស់តែប្រភេទឈើក្នុងស្រុកដែលមិនប៉ះពាល់ដល់ព្រៃឈើធម្មជាតិ ឬព្រៃសហគមន៍ ដូចជា ដើមស្វាយចន្ទី ឬស្សី និងត្រឡោកដូងជាដើម ។

អត្ថបទ÷តាតុងសែនជ័យ

Share.