ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះ បន្តបង្ក្រាបបទល្មើស Online Scams ចំនួនពីរទីតាំងផ្សេងគ្នា ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ និងដកហូតវត្ថុតាងបានមួយចំនួនធំ។
ការចុះបង្រ្កាបបានធ្វើឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ111R ផ្លូវ372 ភូមិ៤ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនមនុស្សចំនួន៥នាក់ និងកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ មនុស្សចំនួន៥នាក់ទៀតផ្សេងទៀត ត្រូវបានឃា-ត់ខ្លួននៅបុរីពិភពថ្មី ផ្ទះលេខ២៩ និង៣១ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលពួកគេគឺជាក្រុមតែមួយ។ ការចុះបង្ក្រាបទាំងពីរទីតាំងនេះ សមត្ថកិច្ចបានដកហូតថវិកាចំនួន ១៩,៧០០ដុល្លារ, ធុង CPU ចំនួន៨គ្រឿង, ម៉ូនីទ័រ ចំនួន១៨គ្រឿង, កំព្យូទ័រ Latop ចំនួន៣គ្រឿង, ទូរស័ព្ទដៃ ចំនួន៤គ្រឿង និងលិខិតឆ្លងដែន ចំនួន៦ច្បាប់។

ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ អាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ក្រោមការសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អត្ថបទ៖ សេង សាវី

