ស្ថាប័នសារព័ត៌មានបរទេសជាច្រើនបានរាយការណ៍ស្របគ្នាថាមន្ត្រីជាន់ខ្ពស់នៃកងទ័ពសហរដ្ឋអាមេរិកបានជម្រាបជូនសមាជិកសភាជាតិនៅក្នុងកិច្ចប្រជុំសម្ងាត់មួយកាលពីថ្ងៃទី ៣ ខែមីនាថាពួកគេប្រហែលជាមិនអាចបាញ់ទម្លាក់រាល់ដ្រូន (Drone) របស់អ៊ីរ៉ង់ទាំងអស់ ដែលបានវាយប្រហារលើមូលដ្ឋានទ័ពនិងទ្រព្យសម្បត្តិយោធារបស់សហរដ្ឋអាមេរិកនោះទេ។

លោកនាយឧត្តមសេនីយ៍ Dan Caine ប្រធានអគ្គសេនាធិការចម្រុះបានថ្លែងថា អ៊ីរ៉ង់បានប្រើប្រាស់ដ្រូនប្រភេទវាយប្រហារតែម្ដងគត់ ឬហៅថា (Kamikazedrones) រាប់ពាន់គ្រឿង ហើយទោះបីជាពួកគេមានសមត្ថភាពអាចបាញ់ទម្លាក់ដ្រូនភាគច្រើនបានក៏ដោយប៉ុន្តែវាមិនមែនទាំងអស់នោះទេ។

ដោយហេតុនេះនៅក្នុងកិច្ចប្រជុំសម្ងាត់មួយសម្រាប់សមាជិកសភា មន្ត្រីអាមេរិកបានបញ្ជាក់ថាសហរដ្ឋអាមេរិកកំពុងផ្ដោតទៅលើការកម្ទេចមូលដ្ឋានបង្ហោះដ្រូននិងមីស៊ីលធម្មតារបស់អ៊ីរ៉ង់ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

អ៊ីរ៉ង់បានប្រើប្រាស់ដ្រូនប្រភេទ “Shahed” ដែលមានតម្លៃថោក និងប្រើសម្រាប់វាយប្រហារតែម្ដងគត់។ ដ្រូនទាំងនេះហោះហើរក្នុងកម្ពស់ទាប និងយឺតដែលធ្វើឱ្យពួកវាអាចគេចផុតពីប្រព័ន្ធការពារអាកាសបែបធម្មតាបានល្អជាងមីស៊ីល។

មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលបានលើកឡើងថាយុទ្ធសាស្ត្រដ្រូនរបស់អ៊ីរ៉ង់គឺច្បាស់ណាស់ថា ចង់បង្ខំឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ប្រព័ន្ធស្ទាក់ចាប់មីស៊ីលដែលមានតម្លៃថ្លៃខ្លាំងដូចជាPatriot និង Thaadដើម្បីបាញ់កម្ទេចដ្រូនតម្លៃថោក។ នេះប្រៀបដូចជាការ «ជិះដំរីចាប់ចង្រិត» ដែលមិនចំណេញនិងធ្វើឱ្យហិនហោចធនធានរបស់សហរដ្ឋអាមេរិក។

សមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យក្នុងសភាអាមេរិកបានបង្ហាញក្ដីបារម្ភថាសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ប្រព័ន្ធស្ទាក់ចាប់មីស៊ីលក្នុងបរិមាណយ៉ាងច្រើនដើម្បីការពារមីស៊ីលតម្លៃថោកដែលបាញ់ចេញពីអ៊ីរ៉ង់។

លោក Kenyon បានទទួលស្គាល់នូវក្ដីបារម្ភនោះទោះបីជាលោកបានបង្ហាញទំនុកចិត្តជាសាធារណៈលើកម្រិតនៃឃ្លាំងអាវុធរបស់ខ្លួនក៏ដោយ។លោក Kenyonបានថ្លែងថា៖ “យើងមានគ្រាប់រំសេវដែលមានភាពជាក់លាក់ខ្ពស់គ្រប់គ្រាន់សម្រាប់បេសកកម្មដែលកំពុងបន្តទាំងផ្នែកវាយលុក និងផ្នែកការពារ”។

អត្រានៃការបាញ់ក្នុងកម្រិតខ្ពស់នេះក៏ត្រូវចំណាយប្រាក់អស់ច្រើនផងដែរ។ ក្នុងដំណាក់កាលដំបូងនៃសង្រ្គាមសហរដ្ឋអាមេរិកបានចំណាយប្រាក់ប្រហែល ២ ពាន់លានដុល្លារ ក្នុងមួយថ្ងៃ ។ ទោះបីជាតួលេខនោះបានថយចុះមកនៅត្រឹមជិត ១ ពាន់លានដុល្លារ ក៏ដោយប៉ុន្តែវាត្រូវបានគេរំពឹងថានឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅពេលដែលជម្លោះនេះនៅតែបន្តអូសបន្លាយ៕

ប្រភព៖ The Guardian

Share.