ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៃពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែមីនានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមជាបុរស បើពុំមានវត្តមានដ៏មានតម្លៃរបស់លោកយាយ ម្តាយ អ្នកមីង ឬបងស្រីនៅក្បែរដើម្បីជ្រោមជ្រែង និងអប់រំទូន្មានទេនោះ បុរសមិនអាចមានឱកាសពេញលេញក្នុងការបំពេញតួនាទី និងភារកិច្ចឱ្យបានល្អប្រសើរឡើយ។

នៅចំពោះមុខ លោកជំទាវ កែ សួនសុភី ស សុខា ជាភរិយា ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា សម្រាប់បុរសក្នុងភាពជាអ្នកដឹកនាំ ឬជាមន្រ្តីបម្រើជាតិគ្រប់វិស័យ ពិសេសវីរយុទ្ធជនជួរមុខទាំងកងទ័ព និងនគរបាល ស្ត្រីគឺជាបង្អែកយ៉ាងសំខាន់ក្នុងការផ្ដល់កម្លាំងចិត្ត និងទទួលរាប់រងរាល់បន្ទុកគ្រួសារ ក្នុងកំឡុងពេលដែលស្វាមីត្រូវបំពេញភារកិច្ចការពារជាតិ និងប្រជាជន។

ឆ្នាំនេះ ពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ញ៉ែម សាខន ស ខេង, លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ប្រមាណ ៧០០រូប។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់យកប្រធានបទខាងលើ ព្រោះសន្តិភាព និងសន្តិសុខ គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍជាតិ និងការធានាសុខុមាលភាពសង្គម។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ស្ត្រី តាមរយៈការផ្តល់ឱកាសឱ្យពួកគាត់បញ្ចេញសមត្ថភាព និងចំណេះដឹង ជាពិសេសផ្តល់អាទិភាពក្នុងតួនាទីជាអ្នកដឹកនាំ និងការសម្រេចចិត្តក្នុងវិស័យសាធារណៈ។ ឯកឧត្តមបានចាត់ទុកថា ការផ្តល់តម្លៃដល់ស្ត្រី មិនត្រឹមតែជាការដឹងគុណប៉ុណ្ណោះទេ ប៉ុន្តែគឺជា «ការវិនិយោគដ៏ឈ្លាសវៃ» ដើម្បីអភិវឌ្ឍសង្គមប្រកបដោយបរិយាបន្ន និងចីរភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះគុណូបការៈរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានលះបង់កម្លាំងកាយចិត្តដឹកនាំសកម្មភាពមនុស្សធម៌យ៉ាងសកម្ម តាមរយៈកាកបាទក្រហមកម្ពុជា សមាគម TYDA និងសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការជួយសង្គ្រោះ និងគាំពារសុខុមាលភាពប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកជំទាវ កែ សួនសុភី ដែលបានខិតខំប្រឹងប្រែងលើកកម្ពស់សមភាពយេនឌ័រ និងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ ចុះសួរសុខទុក្ខមន្ត្រីមានធុរៈ និងផ្ដល់ជំនួយដល់កងកម្លាំងជួរមុខការពារបូរណភាពទឹកដី ប្រកបដោយឆន្ទៈមោះមុតបំផុត៕

Share.