ភ្នំពេញ៖ អគ្គិភ័យឆាបឆេះបណ្តាញខ្សែភ្លើងក្នុងលូទឹក ដោយសារផ្ទុះសេចរន្ត ផ្សែងហុយងងឹតមេឃ លាយឡំជាមួយក្លិនឈ្ងៀម ផ្អើលប្រជាពលរដ្ឋភ័យខ្លាចឆេះរាលដល់ផ្ទះ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុងក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា ក្នុងលូបង្ហូររំដោះទឹកស្អុយ មានបណ្តាញខ្សែភ្លើង ខ្សែកាប ឆ្លងកាត់ក្នុងនោះ ហើយក៏មានសំរាម សំណល់ផ្សេងៗផងដែរ ស្រាប់តែនៅវេលាម៉ោងខាងលើ ឮសូរសម្លេងផ្ទុះ ហើយផ្សែងហុយខ្មួលខ្មាញ់ចេញពីខាងក្រោមលូកាត់ទទឹងផ្លូវ លាយឡំជាមួយក្លិនឈ្ងៀម ផ្អើលប្រជាពលរដ្ឋមានលំនៅដ្ឋានក្បែរនោះ ខ្លាចភ្លើងឆេះរាល។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ពលរដ្ឋព្យាយាមយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ភ្លើង តែមិនឈ្នះ កម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ សហការជាមួយខាងអគ្គសនី ដើម្បីពន្លត់ភ្លើង៕
អត្ថបទ៖ តាតុងសែនជ័យ

