ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនក្មេងទំនើងចំនួន ៦នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា បន្ទាប់ពីក្រុមនេះបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស នៅក្នុងខណ្ឌទួលគោក។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០ និង៣០នាទី យប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចហាងកាហ្វេយីហោ «ស្លូកាហ្វេ» តាមបណ្ដោយផ្លូវលេខ៦០៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅពេលនោះ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ៩នាក់ ជិះម៉ូតូចំនួន ៤គ្រឿង បានធ្វើសកម្មភាពគប់ដុំថ្មទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសចំកែងដៃខាងឆ្វេង។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រចាំមូលដ្ឋានខណ្ឌទួលគោក ដែលកំពុងល្បាតនៅតំបន់នោះ បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថាន់ ចិន្ដាឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

លុះដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់បន្ថែមទៀត រួមមាន៖ ផល លីហួ អាយុ ១៧ឆ្នាំ, ថន រ័ត្នរិទ្ធិយ៉ា អាយុ ១៧ឆ្នាំ, បូ កែវវាសនា អាយុ ១៩ឆ្នាំ, នី វិសាល ឆ្នាំកំណើត ២០០៧ ជាសិស្ស មានស្រុកកំណើតនៅខេត្តកំពង់ចាម និងស្នាក់នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និង ចាប ថៃ អាយុ ១៨ឆ្នាំ។

តាមការសាកសួរ ក្មេងទំនើងទាំង ៦នាក់ បានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដោយយកដុំថ្មគប់ទៅលើជនរងគ្រោះដូចការរៀបរាប់ខាងលើប្រាកដមែន។

បច្ចុប្បន្ន ក្មេងទំនើងទាំង ៦នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈបក្ខពួកដែលនៅសល់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទ៖ ចតុម្មុខ

Share.