ថៃ ក៏មិនអាចគេចផុតពីវបត្តិនៃកង្វះខាតប្រេង និងការឡើងថ្លៃប្រេងឥន្ធនៈដូចគ្នាដែរ បើយោងតាមរយៈការចុះផ្សាយរបស់កាសែត Matichon និងសារព័ត៌មាន pptvhd36 បានបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលថៃបានសម្រេចដាក់ចេញនូវវិធានការណ៍រឹតបន្តឹងជាបន្តបន្ទាប់ បន្ទាប់ពីតម្លៃថាមពលសកលកំពុងហក់ឡើងខ្ពស់ ដើម្បីសន្សំសំចៃថាមពល និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។

កន្លងមកថៃ តែងតែផ្សព្វផ្សាយអួតអាងពីបញ្ហានេះ ដោយបានទាំងលើកឡើងទៀតថាគេលក់ប្រេងឱ្យតែប្រទេសឡាវ និងមីយ៉ាន់ម៉ា ចំណែកប្រទេសកម្ពុជា គឺគេមិនលក់ឱ្យជាដាច់ខាត គឺទុកឱ្យខ្វះគ្មានប្រេងសាំងប្រើ ប៉ុន្តែអ្នកដែលនិយាយអួត និងឡូយដាក់កម្ពុជា បែរជាជាប្រទេសដែលចាត់វិធានការទាំងផ្ដាច់ភ្លើង និងតម្រូវឱ្យពលរដ្ឋធ្វើការពីផ្ទះដើម្បីសន្សំសំចៃភ្លើងទៅវិញ។
សម្រាប់វិធានការដែលថៃដាក់ចេញនេះ រួមមានតាំងពីការផ្លាស់ប្តូររបៀបធ្វើការ រហូតដល់ការផ្ដាច់ចរន្តអគ្គិសនីបណ្ដោះអាសន្ននៅក្នុងតំបន់យុទ្ធសាស្ត្រសំខាន់ៗ។ នៅក្នុងកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃទី ៩ ខែមីនា ២០២៦ លោក អនុទីន ឆានវីរៈកុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រដ្ឋាភិបាលថៃបានពិភាក្សាលើវិធានការសន្សំសំចៃថាមពលកម្រិតជាតិ ដែលក្នុងនោះ មានវិធានការជំរុញឱ្យបុគ្គលិកធ្វើការពីផ្ទះ ជាកត្តាអទិភាពដែលបានលើកយកមកអនុវត្តភ្លាមៗ។
វិធានការនេះធ្វើឡើងដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក្នុងវិស័យដឹកជញ្ជូនផង និងជួយសម្រួលប្រជាពលរដ្ឋឱ្យចំណេញថវិកាលើថ្លៃធ្វើដំណើរ ក្នុងកំឡុងពេលដែលតម្លៃប្រេងកំពុងឡើងថ្លៃផងដែរ។ ដើម្បីពន្លឿនលើការងារនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរអគ្គិសនីប្រទេសថៃ ក៏បានចេញប្រកាសពីការផ្ដាច់ចរន្តអគ្គិសនី ចាប់ពីនៅថ្ងៃពុធ ទី ១១ ខែមីនា ឆ្នាំ ២០២៦ ក្នុងតំបន់យុទ្ធសាស្ត្រសំខាន់ៗ ក្នុងរាជធានីបាងកក និងខេត្តនន្ទបុរី ក្នុងចន្លោះម៉ោងផ្លាស់ប្ដូរ ជាការកែលម្អ និងថែទាំប្រព័ន្ធចែកចាយអគ្គិសនីឱ្យមានប្រសិទ្ធភាព។

យ៉ាងណាមិញ វិធានការក្ដៅរបស់រដ្ឋាភិបាលថៃដែលកំពុងដុតដៃដុតជើងនេះ បានកើតឡើងចំពេលដែលរដ្ឋាភិបាលកំពុងរឹតបន្តឹងការប្រើប្រាស់ថាមពល ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើស្ថិរភាពថាមពលក្នុងប្រទេសថៃ។ ជាមួយប្រទេសនៅក្នុងតំបន់អាស៊ានដូចជា វៀតណាម និងហ្វីលីពីន ក៏បញ្ចេញវិធានដោះស្រាយបត្តិថាមពលដោយចិត្តឱ្យបុគ្គលិករដ្ឋធ្វើការពីផ្ទះ និងកាត់បន្ថយថ្ងៃធ្វើការមកនៅត្រឹម៤ថ្ងៃ ដើម្បីជួយសន្សំសំចៃប្រេងឥន្ធនៈ៕

