កណ្ដាល៖ ក្រុមការងារអន្តរមន្ទីរ ដែលមានសមាសភាពពីមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល មន្ទីររ៉ែ និងថាមពលខេត្ត និងសាខា ក.ប.ប. ខេត្ត បានចុះត្រួតពិនិត្យស្ថានភាពស្តុក និងតម្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដើម្បីធានាការអនុវត្តន៍តាមការកំណត់តម្លៃរបស់ក្រសួងពាណិជ្ជកម្ម។

តាមលទ្ធផលនៃការត្រួតពិនិត្យ នៅថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៦ មុនពេលមានការកែប្រែតម្លៃប្រេងឥន្ធនៈ ក្រុមការងារបានចុះពិនិត្យស្ថានីយ និងដេប៉ូចំនួន ៤៨ទីតាំង ក្នុងនោះមានដេប៉ូបិទចំនួន ៣២ទីតាំង ដោយសារអស់ស្តុកប្រេង។
បន្ទាប់ពីមានការកែប្រែតម្លៃប្រេងឥន្ធនៈថ្មី នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារបានបន្តចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូសរុបចំនួន ២៥០ទីតាំង ហើយរកឃើញដេប៉ូបិទចំនួន ២៦ទីតាំង ដោយមូលហេតុអស់ស្តុកប្រេង និងការកម្មង់ប្រេងមកមិនទាន់ដល់។
ចំពោះស្ថានភាពស្តុកប្រេងឥន្ធនៈបច្ចុប្បន្ន សម្រាប់ស្ថានីយចំនួន ១៣ទីតាំង មានសាំងនៅស្តុកចន្លោះពី ១៥,០០០ ដល់ ២០,០០០លីត្រ ខណៈម៉ាស៊ូតនៅស្តុកចន្លោះពី ៨,០០០ ដល់ ១០,០០០លីត្រ។ ដោយឡែក ដេប៉ូចំនួន ១៣៧ទីតាំង មានសាំងនៅស្តុកចន្លោះពី ២,០០០ ដល់ ៤,០០០លីត្រ និងម៉ាស៊ូតនៅស្តុកចន្លោះពី ២,០០០ ដល់ ៣,០០០លីត្រ។
ជាមួយគ្នា ក្រុមការងារបានណែនាំ និងផ្សព្វផ្សាយខ្លឹមសារសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដោយបញ្ជាក់ឱ្យម្ចាស់ស្ថានីយ និងដេប៉ូអនុវត្តតម្លៃលក់តាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម និងមិនអនុញ្ញាតឱ្យបិទបណ្តោះអាសន្ន ប្រសិនបើនៅមានស្តុកប្រេងឥន្ធនៈ ហើយក៏មិនអនុញ្ញាតឱ្យលក់ប្រេងតាមប៊ីដុងឡើយ។
សូមបញ្ជាក់ដែរថា តម្លៃប្រេងសាំងដែលក្រសួងពាណិជ្ជកម្មបានកំណត់ឱ្យលក់សម្រាប់ថ្ងៃទី ១១ ដល់ទី ១៣ ខែមីនា ឆ្នាំ២០២៦នេះ ចំពោះសាំងធម្មតា ១លីត្រ ៥,២០០រៀល ឯប្រេងម៉ាស៊ូត ១លីត្រ ៦,០៥០រៀល។
អត្ថបទ៖ ចតុម្មុខ

