ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា “Epic Fury” នៅក្នុងប្រទេសអ៊ីរ៉ង់ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក បន្ទាប់ពីរបាយការណ៍វិភាគបានបង្ហាញពីទំហំនៃការចំណាយថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេលដ៏ខ្លីបំផុត។ យោងតាមការវិភាគលម្អិតពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចំណាយថវិកាប្រមាណ ៣,៧ ប៊ីលានដុល្លារអាមេរិក រួចស្រេចទៅហើយ ត្រឹមតែក្នុងរយៈពេល ១០០ ម៉ោងដំបូងនៃយុទ្ធនាការទម្លាក់គ្រាប់បែក។ តួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បើគិតជាមធ្យមគឺមានន័យថាសហរដ្ឋអាមេរិកបានដុតបំផ្លាញថវិកាអស់ប្រហែល ៣៧ លានដុល្លារក្នុងមួយម៉ោង ដើម្បីគាំទ្រដល់ប្រតិបត្តិការវាយប្រហារតាមអាកាសនេះ។

ចំណែកដ៏ធំបំផុតនៃកញ្ចប់ថវិកាដែលបានចំណាយទៅនោះ គឺបានទៅលើគ្រាប់យុទ្ធភណ្ឌ និងមីស៊ីលទំនើបៗដែលមានតម្លៃថ្លៃកប់ពពក។ ក្នុងនោះ មីស៊ីលប្រភេទ ថម៉ាហក (Tomahawk) ដែលត្រូវបានប្រើប្រាស់យ៉ាងជោគជាំក្នុងការកម្ទេចគោលដៅយុទ្ធសាស្ត្រ មានតម្លៃរហូតដល់ទៅ ២ លានដុល្លារក្នុងមួយគ្រាប់។ ក្រៅពីមីស៊ីល គ្រាប់បែកវៃឆ្លាតប្រភេទ JDAM ក៏ត្រូវបានប្រើប្រាស់ក្នុងទ្រង់ទ្រាយធំផងដែរ ដែលធ្វើឱ្យថ្លៃដើមនៃអាវុធកើនឡើងជាលំដាប់។ ទន្ទឹមនឹងការចំណាយលើអាវុធប្លោងពីចម្ងាយ ការប្រើប្រាស់យន្តហោះចម្បាំងកម្រិតខ្ពស់ និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រប្រភេទ B-1B Lancer បានបន្ថែមបន្ទុកយ៉ាងធ្ងន់ធ្ងរដល់កញ្ចប់ថវិកា ដោយសារការហោះហើរក្នុងមួយម៉ោងៗត្រូវចំណាយខ្ពស់លើប្រេងឥន្ធនៈ និងការថែទាំបច្ចេកទេសស្មុគស្មាញ។

បន្ថែមលើការចំណាយលើសម្ភារៈសឹក របាយការណ៍ក៏បានគូសបញ្ជាក់អំពីទំហំទឹកប្រាក់ដែលត្រូវប្រើប្រាស់សម្រាប់ប្រតិបត្តិការគាំទ្រជួរមុខផងដែរ។ ការដាក់ពង្រាយនាវាផ្ទុកយន្តហោះ និងកងនាវាអមដំណើរនៅក្នុងតំបន់ជម្លោះ តម្រូវឱ្យមានការចំណាយលើការផ្គត់ផ្គង់ និងភស្តុភារយ៉ាងមហិមា។ ជាមួយគ្នានេះ កងទ័ពដែលចូលរួមក្នុងសមរភូមិផ្ទាល់ក៏ត្រូវទទួលបានប្រាក់បំណាច់បន្ថែមសម្រាប់ហានិភ័យនៃសង្គ្រាម ដែលនេះគឺជាផ្នែកមួយនៃ “វិក្កយបត្រ” បង់ពន្ធរបស់ពលរដ្ឋអាមេរិកផងដែរ។

តាមរយៈការវិភាគរបស់ CSIS មុំដ៏សំខាន់មួយទៀតដែលគេត្រូវយកចិត្តទុកដាក់ គឺនិរន្តរភាពនៃសង្គ្រាមនេះ។ ប្រសិនបើប្រតិបត្តិការ “Epic Fury” នៅតែបន្តអូសបន្លាយលើសពីរយៈពេល ១០០ ម៉ោងនេះ សហរដ្ឋអាមេរិកនឹងប្រឈមមុខនឹងបញ្ហាកង្វះខាតស្តុកអាវុធយុទ្ធសាស្ត្រ និងសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំង។ តួលេខ ៣,៧ ប៊ីលានដុល្លារនេះ មិនត្រឹមតែជាការបង្ហាញពីអានុភាពយោធាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាព្រមានអំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចជាតិ ប្រសិនបើសង្គ្រាមមិនអាចបញ្ចប់បានក្នុងពេលឆាប់ៗខាងមុខនេះ។

យោងតាមរបាយការណ៍លម្អិតពីមន្ទីរបញ្ចកោណ និងការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ពេលវេលាជាក់លាក់នៃការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ចាប់ផ្ដើមនៅម៉ោង ១:១៥ នាទីរំលងអធ្រាត្រ ថ្ងៃទី២៨ ខែកុម្ភៈ នៅសហរដ្ឋអាមេរិក។ ត្រូវនឹងម៉ោង ៩:៤៥ នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ម៉ោងនៅទីក្រុងតេហេរ៉ង់ (ប្រទេសអ៊ីរ៉ង់) ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១២ ខែកម្ភៈ សង្គ្រាមនេះបានឈានចូលដល់សប្តាហ៍ទី២ ហើយ ដែលធ្វើឱ្យតួលេខនៃការចំណាយកាន់តែហក់ឡើងខ្ពស់លើសពីការប៉ាន់ស្មានដំបូងរបស់ CSIS ទៅទៀត៕

Share.