បន្ទាប់ពីមានការប្រកាសពីការបាញ់ប្រហារទៅលើកប៉ាល់ដឹកទំនិញថៃ ម៉ាយូរី ណារី នៅច្រកអូរម៉ូស ស្រាប់តែនៅយប់ថ្ងៃទី១១ ខែមីនា សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ចេញមុខសារភាពដោយចំហថា ខ្លួនបានបាញ់ ដែលសកម្មភាពនេះគឺវាហាក់ដូចជាទះកំផ្លៀងថៃមួយដៃយ៉ាងដំណំនៅលើឆាកអន្តរជាតិ ព្រោះវាបានបញ្ជាក់ថាអ៊ីរ៉ង់ មិនបានយល់យោគ ឬគិតពីសម្ព័ន្ធភាពរបស់ខ្លួនជាមួយថៃ ដែលធ្លាប់ជាដៃគូពាណិជ្ជកម្មជាមួយគ្នានោះឡើយ។

ករណីដ៏ក្ដៅគគុកដែលកំពុងតែជជែកវែកញែកគ្នាក្នុងចង្កោមប្រជាជនថៃរហូតកើតមានសំនួរមួយចោទសួរថា តើរដ្ឋាភិបាលទីក្រុងបាងកក ហ៊ានធ្វើដូចម្ដេចចំពោះទីក្រុងតេហេរ៉ង់? តើថៃហ៊ានប្រើកម្លាំងយោធាវាយបក ឬដឹកដៃអ៊ីរ៉ង់ឡើងប្ដឹងទៅតុលាការអន្តរជាតិដើម្បីរកយុត្តិធម៌ដែរឬទេ?

រំលឹកឡើងវិញ នៅពេលកើតហេតុ របាយការណ៍របស់កងទ័ពជើងទឹកថៃបញ្ជាក់ថា កប៉ាល់ “ម៉ាយូរី ណារី” បានចាកចេញពីកំពង់ផែកាលីហ្វា ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅព្រឹកថ្ងៃកើតហេតុ។ នៅពេលដែលកប៉ាល់បានឆ្លងកាត់ច្រកសមុទ្រអូរម៉ូស ហើយកំពុងបើកបរក្នុងដែនទឹកក្បែរប្រទេសអូម៉ង់ នាវាយក្សនេះត្រូវបានប្រហារដោយអាវុធមិនស្គាល់អត្តសញ្ញាណចំនួន២គ្រាប់ពីលើខ្សែទឹក។ ការវាយប្រហារនេះបានផ្ដោតលើចំណុចសំខាន់ៗរបស់កប៉ាល់ គឺកន្សៃ និងបន្ទប់ម៉ាស៊ីន ដែលជាហេតុធ្វើឱ្យកប៉ាល់បាត់បង់ថាមពល និងឆេះយ៉ាងសន្ធោសន្ធៅ។

ខណៈដែល អ៊ីរ៉ង់ វិញបានប្រកាសក្ដែងៗថា រាល់កប៉ាល់ទាំងអស់ត្រូវសុំការអនុញ្ញាតពីខ្លួន ទើបអាចឆ្លងកាត់ដែនសមុទ្រអូរម៉ូសបាន ប៉ុន្តែថៃវិញគឺបានបង្ហាញកាយវិកាផ្គើនអ៊ឺរ៉ង់ ក្រោមការបង្ហាញឥរិយាបទថាខ្លួនជាអ្នកគោរពច្បាប់អន្តរជាតិ ជាពិសេសច្បាប់ដែនសមុទ្រអន្តរជាតិ ដោយចាត់ទុកចំណាត់ការរបស់អ៊ីរ៉ង់គឺជាការបំពានដោយខុសច្បាប់។

ដូច្នោះនៅពេលដែលអ៊ឺរ៉ង់ក៏មិនបន្ទន់ឥរិយាបទ និងបានទាត់ចោលទំនាក់ទំនងល្អជាមួយថៃភ្លាមៗតែម្ដង តើយោធាជើងទឹកថៃដ៏មានសក្ដានុពលនិង ធ្លាប់តែអួតអាងពីសមត្ថភាព និងការទិញនាវាមុជទឹកតម្លៃរាប់ពាន់លានដុល្លារនោះហ៊ានសងសឹកអ៊ឺរ៉ង់វិញដែរឬទេ? ឬ គ្រាន់តែប្រើការទូតទន់ជ្រាយនិងគ្មានយុទ្ធសាស្ត្រទប់ទល់នឹងការគំរាមកំហែងចំពោះមុខ?

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Precious Shipping បញ្ជាក់ថា ហេតុការណ៍មួយនេះ គឺមិនមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ព្រោះមានធានារ៉ាប់រងហានិភ័យសង្គ្រាម។ ចុះជីវិតនាវិកជនជាតិថៃ ២៣ នាក់ ដែលប្រឈមនឹងគ្រាប់កាំភ្លើង និងមីស៊ីលអុីរ៉ង់ មានតម្លៃត្រឹមតែសំណងធានារ៉ាប់រងកប៉ាល់ឬយ៉ាងណា?

នៅពេលដែលរដ្ឋាភិបាលថៃមិនហ៊ានសូម្បីតែថ្កោលទោសអុីរ៉ង់ចំៗ ឬគំរាមប្ដឹងទៅតុលាការអន្តរជាតិផងនោះ បើទោះបីជាក្នុងករណីដែលមានភស្តុតាងច្បាស់ មានអំណះអំណាងសារភាព ហើយជនរងគ្រោះគឺជាជនជាតិខ្លួនឯងទៅហើយ តើវាហាក់ដូចជាបង្ហាញថា រដ្ឋាភិបាលថៃសព្វថ្ងៃនេះកំពុងធ្វើការបែបបិទភ្នែកដោយមិនខ្វល់ពីសុវត្ថិភាពរបស់ពលរដ្ឋខ្លួនឯងឬយ៉ាង? ឬមួយរដ្ឋាភិបាលថៃថ្មីនេះ គិតតែធ្វើយ៉ាងណារក្សាអំណាច ធ្វើយ៉ាងណាទើបចំណេញបានផលប្រយោជន៍សម្រាប់ក្រុមខ្លួន ប៉ុន្តែមិនបានគិតគូរពីសុខទុក្ខរបស់ប្រជាជនខ្លួនដូចអ្វីដែលប្រកាសនោះទេ។

មែនទែនទៅ ប្រទេសថៃដែលធ្លាប់តែអួតខ្លួនថាជាបងធំមួយក្នុងតំបន់អាស៊ាន ប៉ុន្តែពេលជួបរឿងពិតហេតុការណ៍ពិត បែរជាដើរតួជាកូនចៀមមួយក្បាលនៅចំពោះមុខអ៊ឺរ៉ង់ទៅវិញ។ ប្រសិនបើរដ្ឋាភិបាលទីក្រុងបាងកកពិតជាខ្លាំងដូចពាក្យអួតមែន សមត្ថភាពទ័ពខ្លួនពិតអស្ចារ្យមែន កងយោធាថៃ គួរតែបើកការសងសឹក ឬបញ្ចេញសាច់ដុំថ្កោលទោសចំពោះទង្វើរបស់អ៊ីរ៉ង់ ដែលបានធ្វើអំពើបំពានចំពោះជនជាតិខ្លួន។

តែបើរដ្ឋាភិបាលក្រុងបាងកកនៅតែបន្តរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានវាយបកតាមផ្លូវច្បាប់ ឬសូម្បីតែការដាក់ទណ្ឌកម្មការទូតទៅលើអ៊ឺរ៉ង់ នោះមានន័យថា ថៃបានបោះបង់ចោលនូវកិត្តិយសជាតិ ដើម្បីដោះដូរនឹងភាពសុខសាន្តក្លែងក្លាយរបស់ខ្លួន ឬហៅថាយុទ្ធសាស្ត្រនៅស្ងៀមដើម្បីថែរក្សាអំណាច។ យុត្តិធម៌មិនអាចកើតមានចំពោះពលរដ្ឋថៃឡើយ បើថៃជាជនរងគ្រោះហើយមិនហ៊ានសូម្បីតែស្រែកប្រាប់ពិភពលោកថា ខ្លួនឈឺចាប់ និងរងការបំពានពីអ្នកដទៃផងនោះ៕

Share.