

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសមាជិកក្រុមអន្តរក្រសួងសម្រាប់កំណត់រូបមន្តកែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានប្រកាសថា ក្រុមជំនាញចម្រុះអន្តរក្រសួងនឹងចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅតាមស្ថានីយប្រេងឥន្ធនៈដែលបានបិទអាជីវកម្ម ដោយផ្អែកលើហេតុផលបញ្ហាស្តុកផ្គត់ផ្គង់ក្នុងប្រតិបត្តិការអាជីវកម្ម។ ការសម្រេចដាក់មន្ត្រីជំនាញចុះពិនិត្យនេះ បានធ្វើឡើងបន្ទាប់ពីសង្កេតឃើញមានស្ថានីយប្រតិបត្តិការលក់រាយប្រេងឥន្ធនៈជិត ២ ០០០ កន្លែង បានប្រកាសបិទទ្វារបណ្ដោះអាសន្នក្រោមហេតុផលអស់ស្តុកប្រេង។
ថ្លែងក្នុងបទអន្តរាគមន៍ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំឡើងដោយរដ្ឋសភា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជាមានស្ថានីយប្រេងឥន្ធនៈសរុបជាង ៦ ៣០០ កន្លែង ប៉ុន្តែគិតត្រឹមយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ មានស្ថានីយ ដេប៉ូ និងអនុស្ថានីយលក់រាយជិត ២ ០០០ កន្លែងហើយដែលបានបិទទ្វារ។ ក្នុងចំណោមនោះ មានការសង្ស័យថា ម្ចាស់ស្ថានីយមួយចំនួនអាចនឹងរក្សាស្តុកទុក ដើម្បីរង់ចាំលក់ចេញនៅពេលតម្លៃប្រេងហក់ឡើងថ្លៃខ្លាំង។
ជុំវិញបញ្ហានេះ លោកជំទាវ ចម និម្មល បានសង្កត់ធ្ងន់ថា ក្នុងករណីមន្ត្រីជំនាញរកឃើញថាមានការលាក់ទុកប្រេងឥន្ធនៈក្នុងស្តុកដោយមិនព្រមបញ្ចេញលក់ជូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មនឹងត្រូវប្រឈមមុខនឹងការផាកពិន័យ និងការដកហូតអាជ្ញាប័ណ្ណបិទអាជីវកម្មទាំងស្រុងតែម្តង។ ទោះជាយ៉ាងណាក៏ដោយ លោកជំទាវបានបន្ថែមថា ប្រសិនបើការចុះពិនិត្យរកឃើញថាស្ថានីយទាំងនោះពិតជាអស់ស្តុកមែន រដ្ឋនឹងធ្វើអន្តរាគមន៍ជាមួយវិស័យឯកជនដែលនាំចូលប្រេងឥន្ធនៈ ដើម្បីជួយផ្គត់ផ្គង់ដល់ប្រតិបត្តិការអាជីវកម្មឡើងវិញ។ ជាមួយគ្នានេះ លោកជំទាវក៏បានបង្ហើបផងដែរថា តម្លៃប្រេងឥន្ធនៈក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះនឹងមានការធ្លាក់ចុះ បន្ទាប់ពីមានសញ្ញាណល្អនៃតម្លៃលក់រាយគិតត្រឹមម៉ោងទៀបភ្លឺថ្ងៃទី១២ ខែមីនានេះ។
ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ រាជរដ្ឋាភិបាលបានចរចាជាមួយក្រុមហ៊ុននាំចូលប្រេង ដើម្បីរក្សាស្ថិរភាពតម្លៃកុំឱ្យហក់ឡើងខ្ពស់ហួសហេតុពេក។ ក្នុងនោះ ឱ្យតែតម្លៃប្រេងឡើងលើសពី ៩០ ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល រដ្ឋនឹងជួយចេញខាតចំនួន ៦,៥ សេនដុល្លារក្នុងមួយលីត្រ ខណៈក្រុមហ៊ុននាំចូលសុខចិត្តរួមខាតចំនួន ១ សេនដុល្លារក្នុងមួយលីត្រ។ យោងតាមការព្រមព្រៀងលើរូបមន្តកំណត់តម្លៃរវាងអន្តរក្រសួង និងក្រុមហ៊ុនប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងសាំងធម្មតាត្រូវបានកំណត់លក់ក្នុងតម្លៃ ៥ ២០០ រៀលក្នុងមួយលីត្រ ចំណែកឯប្រេងម៉ាស៊ូតមានតម្លៃ ៦ ០៥០ រៀលក្នុងមួយលីត្រ៕
ប្រភពពីក្រសួងព័ត៌មាន

