ភ្នំពេញ៖ ស្ត្រីសង្ស័យ២នាក់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងការរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ដកហូតបានកញ្ឆាក្រៀមចំនួន៨០កញ្ចប់ បារីអេឡិចត្រូនិច កាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចតំបន់បាសាក់លែន ផ្លូវលំ ភូមិ៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ហ៊ុត រីណា ភេទស្រី អាយុ៣៩ឆ្នាំ និងទី២ ឈ្មោះ សៅ ចាន់នី ភេទស្រី អាយុ៤៥ឆ្នាំ នៅតំបន់បាសាក់លែន ផ្លូវលំ ភូមិ៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមអាវុធហត្ថបានឱ្យដឹងថា ប្រតិបត្តិការខាងលើ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌចំការមន និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យចំណុចខាងលើ ដកហូតបានកញ្ឆាក្រៀម៨០កញ្ចប់, បារីកញ្ឆា១៥០ដើម, កញ្ឆាដុំខ្មៅ១០ដុំ, ចាហួយពណ៌បៃតង ១០៦គ្រាប់, ចាហួយពណ៌ឈាមជ្រូក ៣១គ្រាប់, ចាហួយពណ៌ក្រហម៦៨គ្រាប់, ចាហួយកញ្ចប់ពណ៌បៃតង១២កញ្ចប់, កញ្ឆា CHEETAH ០៦កញ្ចប់, ចាហួយ WONKA ០៤កញ្ចប់, ចាហួយCAMINO ០១កញ្ចប់, RASPBERRY ០១កញ្ចប់, MINTY MAGIC ០១កញ្ចប់, ម្សៅម៉ត់ពណ៌ស ០១កញ្ចប់។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង នាំយកទៅការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី។

អត្ថបទ៖ តាតុងសែនជ័យ

Share.