ខេត្តកណ្តាល៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ បានអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលក្នុងនោះផ្ទះ ២ខ្នង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត បាននាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនរួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ពផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បាននាំយកមកជាមួយនូវអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ជាការតបស្នងសងគុណ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ។
សូមបញ្ជាក់ផងដែរថា សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាន និងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

