កូឡុំបូ៖ រដ្ឋាភិបាលស្រីលង្កាបានសម្រេចប្រកាសកាត់បន្ថយថ្ងៃធ្វើការមកត្រឹម ៤ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីសន្សំសំចៃទុនបម្រុងប្រេងឥន្ធនៈដែលកំពុងខ្សត់ខ្សោយ ខណៈដែលប្រទេសនេះកំពុងត្រៀមលក្ខណៈទប់ទល់នឹងផលប៉ះពាល់នៃសង្គ្រាមដ៏រ៉ាំរ៉ៃនៅតំបន់មជ្ឈិមបូព៌ា។ យោងតាមការចុះផ្សាយរបស់ CNA នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វិធានការនេះ គឺជាការឆ្លើយតបបន្ទាន់ចំពោះការបិទខ្ទប់ ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក។

មន្ត្រីជំនាញបានឱ្យដឹងកាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ដឹកជញ្ជូនទំនិញនាំចេញ ២០% នៃពិភពលោក ត្រូវបានបិទខ្ទប់ដោយប្រទេសអ៊ីរ៉ង់ ដើម្បីសងសឹកទៅនឹងសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានអូសបន្លាយចូលដល់សប្តាហ៍ទី៣ ហើយ។

លោក Prabath Chandrakeerthi មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកសេវាកម្មសំខាន់ៗ របស់រដ្ឋាភិបាលស្រីលង្កា បានបញ្ជាក់ថា ស្ថាប័នរដ្ឋទាំងអស់នឹងធ្វើការត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដោយអនុវត្តចាប់ពីថ្ងៃពុធ តទៅ។ វិធានការសន្សំសំចៃនេះក៏នឹងត្រូវអនុវត្តចំពោះសាលារៀន និងសាកលវិទ្យាល័យផងដែរ ដោយមិនទាន់មានកាលកំណត់បញ្ចប់នៅឡើយទេ។ លោក បន្ដថា «យើងក៏កំពុងស្នើសុំឱ្យវិស័យឯកជនអនុវត្តតាម និងកំណត់យកថ្ងៃពុធ រៀងរាល់សប្តាហ៍ជាថ្ងៃឈប់សម្រាក ចាប់ពីពេលនេះតទៅ»។

ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayake បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំថា៖ «យើងត្រូវត្រៀមខ្លួនសម្រាប់ស្ថានភាពដែលអាក្រក់បំផុត ប៉ុន្តែត្រូវសង្ឃឹមលើអ្វីដែលល្អបំផុត»។ ទោះជាយ៉ាងណាក៏ដោយ សេវាកម្មសំខាន់ៗដូចជា៖ មន្ទីរពេទ្យ កំពង់ផែ និងសេវាសង្គ្រោះបន្ទាន់ នឹងនៅតែបន្តដំណើរការជាធម្មតា។ លោកប្រធានាធិបតី បន្ដថា «រដ្ឋាភិបាលក៏កំពុងផ្អាករាល់ពិធីដែលប្រារព្ធតាមទីសាធារណៈនានា និងស្នើឱ្យមន្ត្រីរាជការធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងសាំងផងដែរ»។

ជាមួយនឹងការរឹតត្បិតប្រេងសាំងក្នុងស្រុក ក្រុមមន្រ្តីបាននិយាយថា ទុនបម្រុងប្រេងឥន្ធនៈ និងម៉ាស៊ូតរបស់ប្រទេសដែលមានក្នុងស្ដុកអាចប្រើប្រាស់បានប្រហែល ៦សប្តាហ៍ទៀតប៉ុណ្ណោះ។ បច្ចុប្បន្ន រដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗដូចជា៖ ការកំណត់ឱ្យរថយន្តពលរដ្ឋទូទៅចាក់ប្រេងសាំងបានត្រឹម ១៥លីត្រក្នុងមួយសប្តាហ៍ ខណៈរថយន្ដដឹកជញ្ជូនសាធារណៈអាចចាក់បាន ២០០លីត្រ។





យ៉ាងណាម៉ិញ រដ្ឋាភិបាលបានព្រមានថា ប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ានៅតែបន្តឡើងកម្ដៅខ្លាំង វានឹងរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្រីលង្កា ក្នុងការងើបចេញពីវិបត្តិសេដ្ឋកិច្ចឆ្នាំ២០២២ ដែលកាលនោះប្រទេសនេះបានខកខានមិនបានសងបំណុលបរទេសចំនួន ៤៦ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ប្រទេសស្រីលង្កា គឺជាប្រទេសដែលពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង និងធ្យូងថ្មសម្រាប់ការផលិតអគ្គិសនី។ មែនទែនទៅផលប៉ះពាល់ដែលបង្កឡើងដោយសង្រ្គាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យប្រទេសជាច្រើនជួបការលំបាក ជាក់ស្ដែងប្រទេសប្រទេសវៀតណាម ហ្វីលីពីន និងប៉ាគីស្ថាន បានប្រកាសបិទការមកសិក្សាផ្ទាល់នៅសាលារៀន ហើយផ្លាស់ប្ដូរទៅសិក្សាតាមអនឡាញបណ្ដោះអាសន្ន និងកាត់បន្ថយការផ្តល់ប្រេងឥន្ធនៈដល់មន្ត្រីរដ្ឋាភិបាល ខណៈសមាជិកគណៈរដ្ឋមន្ត្រីប៉ាគីស្ថានស្ម័គ្រចិត្តមិនយកប្រាក់ខែរយៈពេល ២ខែ។ ដោយឡែក ប្រទេសឡាវ កំពុងតែប្រឈមនឹងកង្វះប្រេងឥន្ទនៈធ្ងន់ធ្ងរ ខណៈស្ថានីយប្រេងឥន្ទនៈជាង ៤០% ត្រូវបានបិទទ្វារ ដោយសារកង្វះខាតការផ្គត់ផ្គង់ពីថៃ ដែលកំពុងផ្អាកការនាំចេញដើម្បីរក្សាទុកប្រើប្រាស់ក្នុងស្រុក៕

