ស្របពេលដែលសង្គ្រាមអ៊ីរ៉ង់ និងអ៊ីស្រាអែលបូកអាមេរិកកាន់តែក្ដៅគគុក និងពង្រីកការរីករាលដាលនៅក្នុងតំបន់មជ្ឈិមបូព៌ា ប្រទេសថៃដែលនៅចម្ងាយរាប់ពាន់គីឡូ ពីតំបន់នោះ បែរជាផ្ទុះចេញនៅករណីដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍ ក្រោយពេលដែលបណ្ដាអាជីវករលក់ដូរ នៅក្នុងតំបន់ទេសចរណ៍ នៃខេត្តភូកេត ស្រុះដៃគ្នាបង្ហាញកាយវិការ និងសម្ដីរើសអើង ជាមួយនឹងភាសាគំរោះគំរើយ មិនទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អ៊ីស្រាអែល។

សកម្មភាពរបស់ក្រុមអាជីវករផ្នែកផ្ដល់សេវាកម្មលើវិស័យទេសចរណ៍ដូចបានរៀបរាប់ខាងលើនេះ ហាក់ដូចជាកំពុងតែដើរបញ្ច្រាសទិសគ្នាខ្លាំង ព្រោះទង្វើរបស់ពួកគេទាំងនោះ ហាក់ដូចជាកំពុងដឹកដៃប្រទេសថៃ ឱ្យធ្លាក់ចូលទៅក្នុងភាគីជម្លោះដោយមិនដឹងខ្លួន។ ខណៈដែលសេដ្ឋកិច្ចថៃក៏កំពុងតែដាំក្បាលចុះដោយសារការប៉ះពាល់ពីសង្គ្រាមខាងក្រៅ។
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នៅពេលដែលសង្គ្រាមរវាងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តអ៊ីស្រាអែល-អាមេរិកកំពុងតែឆេះសន្ធោសន្ធៅនៅដែនដីមជ្ឈិមបូព៌ា ភ្លើងសង្គ្រាមនោះក៏កំពុងរាលដាលដល់ឆ្នេរសមុទ្រ ក្នុងខេត្ត ភូកេត ដែលជាតំបន់ទេសចរណ៍មួយរបស់ប្រទេសថៃ ដូចគ្នាដែរ។ អាជីវករថៃ ចាប់ផ្ដើមបណ្ដេញភ្ញៀវអ៊ីស្រាអែលចេញពីហាងដោយសារតែជម្លោះមនោគមវិជ្ជា និងការចោទប្រកាន់ពីបញ្ហាកោះផាំងង៉ា ដែលជនជាតិថៃភាគច្រើនដាក់ការសង្ស័យថា តំបន់ពិសេសមួយនេះកំពុងក្លាយជាមូលដ្ឋានទ័ពរបស់អាមេរិក។ ដោយកន្លងមក សារព័ត៌មានTop News ក៏ធ្លាប់បានចេញផ្សាយទម្លាយពីវត្តមានជនជាតិអ៊ីស្រាអែលប្រមាណជាង ៣ ម៉ឺននាក់កំពុងឈរជើងនៅលើកោះនេះផងដែរ។
គ្រាប់ផ្លោងនៃសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្លាក់មកប៉ះពាល់ដល់វិស័យទេសចរណ៍ថៃយ៉ាងដំណំ បើតាមរបាយការណ៍អន្តរជាតិខ្លះបានផ្សាយថា ជម្លោះរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងអាមេរិក បានបង្កឱ្យមានការបិទដែនអាកាសក្នុងតំបន់ និងការលុបចោលជើងហោះហើរជាបន្តបន្ទាប់ ។ ហេតុនេះហើយបានធ្វើឱ្យភ្ញៀវទេសចរមួយចំនួនជាប់គាំងនៅថៃ ខណៈដែលភ្ញៀវថ្មីមិនអាចធ្វើដំណើរមកកាន់ប្រទេសថៃបានទាន់ពេលវេលា។
វីដេអូមួយបានលេចធ្លាយនៅលើបណ្ដាញសង្គម បង្ហាញពីម្ចាស់ហាងម្នាក់នៅកោះភូកេត បានស្រែកបណ្ដេញភ្ញៀវទេសចរបរទេសដែលមិនប្រាកដអត្តសញ្ញាណ និងមានអាជីវករខ្លាំងទៀតលើកបដាសរសេរពាក្យពេចន៍បណ្ដេញជនជាតិអ៊ីស្រាអែលចំៗចេញពីហាងរបស់ខ្លួន ។ ទោះបីមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីអាជ្ញាធរថៃក៏ដោយ ប៉ុន្តែវាបានបង្កើតនូវអារម្មណ៍ស្អប់ខ្ពើម និងការរើសអើងចំពោះជនជាតិអ៊ីស្រាអែលក្នុងចំណោមប្រជាជនថៃមួយចំនួន។
ប្រជាជនថៃដែលប្រើប្រាស់បណ្ដាញសង្គម និងប្រជាជនថៃដែលប្រើអារម្មណ៍មួរម៉ៅនិងព័ត៌មានបំពុលនៅក្នុងស្រុក ស្រាប់តែយល់ថាសកម្មភាពនេះជាការតបស្នងចំពោះអំពើហិង្សារបស់អ៊ីស្រាអែលបានធ្វើនៅហ្គាហ្សា ។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានចង្អុលបង្ហាញថា មានពលករថៃរាប់ម៉ឺននាក់កំពុងធ្វើការនៅអ៊ីស្រាអែល ដូច្នេះការរើសអើងបែបនេះអាចប៉ះពាល់ដល់ប្រជាពលរដ្ឋថៃខ្លួនឯងវិញដូចគ្នាដែរ ។
យ៉ាងណាមិញ ហេតុការណ៍ដែលកំពុងកើតឡើងនៅប្រទេសថៃ វាហាក់បង្ហាញថា សង្គ្រាម និងជម្លោះនយោបាយនៅតំបន់ណាមួយនៃពិភពលោក អាចរាលដាលមកប៉ះពាល់ដល់ប្រទេសដទៃបានយ៉ាងឆាប់រហ័ស ទាំងតាមរយៈបញ្ហាដឹកជញ្ជូន និងតាមរយៈមនោសញ្ចេតនារបស់មនុស្ស។ ករណីរើសអើងភ្ញៀវអ៊ីស្រាអែលនៅភូកេត គឺជាសញ្ញាព្រមានមួយដ៏ច្បាស់ និងគ្រោះថ្នាក់បំផុត បង្ហាញថា ប្រជាជនថៃកំពុងព្យាយាមទាញប្រទេសជាតិខ្លួនឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមដោយប្រយោលម្តងហើយម្ដងទៀត មិនថាករណីផ្សេងដូចជា ការរើសអើងសាសនា ការផ្គើននឹងបំរាមរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រអូរម៉ូស ការបង្កើតព្រឹត្តិការណ៍ជម្លោះជាមួយបណ្ដាប្រទេសជិតខាង ជាដើមនោះ មិនយូរមិនឆាប់នោះទេ ថៃអាចនឹងក្លាយជាប្រទេសដែលគ្មានមិត្ត និងប្រទេសដែលឯកោនៅលើឆាកអន្តរជាតិ៕

