(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យរក្សាភាពស្ងប់ស្ងាត់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយមិនត្រូវជ្រួលច្របល់ទៅទិញប្រេងឥន្ធនៈស្តុកទុកនោះទេ ខណៈដែលកម្ពុជានៅតែបន្តនាំចូលប្រេងជាប្រក្រតី ទោះបីជាពិភពលោកកំពុងជួបវិបត្តិថាមពលក៏ដោយ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវលេខ ៥៤០ ស្ថិតក្នុងសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ។ គម្រោងផ្លូវនេះមានប្រវែង ៣,២០០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ដោយក្រាលកៅស៊ូប្រភេទ DBST រួមជាមួយការស្ថាបនាលូមូលកាត់ផ្លូវចំនួន ៤ កន្លែងបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖
- ការចូលរួមរបស់ពលរដ្ឋ៖ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើសំណង់រំលោភលើដីចំណីផ្លូវ ដើម្បីបើកផ្លូវឱ្យបានធំទូលាយ សម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់សោភ័ណភាពក្រុង។
- ចក្ខុវិស័យទីក្រុងវៃឆ្លាត៖ ឯកឧត្តមបានរំលេចពីគោលដៅរៀបចំក្រុងបាត់ដំបង ឱ្យក្លាយជា «ទីក្រុងវៃឆ្លាត ស្អាត បៃតង និងអាចដើរបាន» ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ និងផ្ដល់ភាពងាយស្រួលដល់ការរស់នៅ។
- សណ្តាប់ធ្នាប់សាធារណៈ៖ ណែនាំដល់អាជ្ញាធរក្រុង-សង្កាត់ ត្រូវបន្តអប់រំជំរុញឱ្យពលរដ្ឋបញ្ឈប់ការលក់ដូរលើដីចំណីផ្លូវ ដោយត្រូវរៀបចំលក់ដូរក្នុងផ្ទះរៀងៗខ្លួន ដើម្បីធានាសណ្តាប់ធ្នាប់ និងវប្បធម៌រស់នៅស្អាត។
- ការបង្ក្រាបគ្រឿងញៀន៖ លើកទឹកចិត្តដល់ពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ឱ្យចូលរួមរាយការណ៍ករណីគ្រឿងញៀនតាមរយៈកម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយរាយការណ៍សម្ងាត់ ១០០% និងមានប្រសិទ្ធភាពខ្ពស់។
ជាចុងក្រោយ ឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងដីចំណីផ្លូវសាធារណៈរបស់រដ្ឋឱ្យបានហ្មត់ចត់ ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល៕



អត្ថបទ៖ត្រយង
