ភ្នំពេញ៖ រថយន្តALPHARD មួយគ្រឿង អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន គ្រាដែលបើកឆ្លងកាត់ផ្លូវដែក ត្រូវបានរថភ្លើងខ្សែអូសសណ្តោងស៊ីទែនប្រេង បើកបុកប៉ើងច្រើនម៉ែត្រ កាលពីវេលាម៉ោង៧:៤០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX-8630 បើកដោយបុរសម្នាក់ តាមផ្លូវបេតុងស្របជាមួយផ្លូវដែក ពីលិចទៅកើត ដល់ចំណុចកើតហេតុ បត់ឆ្វេងពីត្បូងទៅជើងឆ្លងកាត់ផ្លូវដែក ស្របពេលដែលរថភ្លើងខ្សែអូសសណ្តោងស៊ីទែនប្រេង បើកពីលិចទៅកើត បុកពីទទឹងរថយន្ត រុញប៉ើងច្រើនម៉ែត្រ ទើបរថភ្លើងឈប់ ឯរថយន្តរងខូចខាតមួយចំហៀង និងអ្នកបើកបររងរបួសស្រាល។

បើតាមភ្នាក់ងារខាងរថភ្លើងបានឱ្យដឹងថា រថភ្លើងដឹកប្រេងយកទៅដាក់នៅក្រុងប៉ោយប៉ែត លុះអូសសណ្តោងស៊ីទែនប្រេងវិលត្រឡប់មករាជធានីភ្នំពេញវិញ ជួបគ្រោះថ្នាក់តែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ យករថយន្តទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ រីឯរថភ្លើងបើកបន្តដំណើរទៅមុខបាត់ ទុកតែតំណាងរងចាំដោះស្រាយគ្នា៕

អត្ថបទ៖ តាតុងសែនជ័យ

Share.