ត្បូងឃ្មុំ៖ ទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសាលាក្រុងសួង ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត។

លោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង បានឱ្យដឹងថា ក្រុងសួងធ្លាប់ទទួលបានជ័យលាភីផ្ការំដួល១ទង ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ និងមានសោភ័ណ្ឌភាពល្អ។ ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសោភ័ណ្ឌភាពទីក្រុង។

ឯកឧត្តម ប៉េង សម្បត្តិ បានណែនាំឱ្យបន្តពង្រឹងការគ្រប់គ្រងសម្រាម ការរៀបចំសណ្តាប់ធ្នាប់ និងការដាំដើមឈើ ដើម្បីកាត់បន្ថយការបំពុល និងបង្កើនគុណភាពបរិស្ថាន។ ក្រោយបញ្ចប់ពិធី គណៈអធិបតី និងអ្នកចូលរួម រួមមានមន្ត្រី អាជ្ញាធរ សិស្សានុសិស្ស និងយុវជន បានដើរក្បួនផ្សព្វផ្សាយ និងចូលរួមសម្អាតបរិស្ថាន ជុំវិញក្រុងសួង។

អត្ថបទ៖ អាចរ្យលាក់

