បន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរើសបានគ្រាប់បែកចង្កោម ដោយសារមិនស្គាល់យកមកបោះលេង បណ្តាលឱ្យផ្ទុះ កាលពីវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

តាមការចុះពិនិត្យស្រាវជ្រាវ អាជ្ញាធរស៊ីម៉ាក់បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់៖ ទី១ ឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ៤៤ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ និងទី២ ឈ្មោះ តា ចាស់ ភេទប្រុស អាយុ៤៧ឆ្នាំ បានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះទាំង២នាក់ជាអ្នកភូមិ-ឃុំកើតហេតុ។

ប្រភពបន្តទៀតថា ជនរងគ្រោះឈ្មោះ ចាន់ សារ៉េត រើសបានគ្រាប់បែកចង្កោម ប្រភេទM46 នៃគ្រាប់ផ្លោង១៥៥មម NR269 របស់កងទ័ពឈ្លានពានសៀម ដែលបាញ់ផ្លោងចូលមកទឹកដីកម្ពុជា ហើយគ្រាដែលជនរងគ្រោះរើសបាន ដោយហេតុមិនស្គាល់ យកទៅបោះលេងបណ្តាលឱ្យផ្ទុះ ស្លាប់និងរបួស។

អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឬចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឱ្យរបួស ពិការ ស្លាប់គ្រប់ពេល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទដូចខាងក្រោម ៖

012 800 473

011 38 39 37

097 489 5600

066 612 613

063 96 34 99

អត្ថបទ៖ តាតុងសែនជ័យ

Share.