វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ថា សហរដ្ឋអាមេរិកអាចនឹងសម្រេចដកទណ្ឌកម្មក្នុងពេលឆាប់ៗនេះ លើប្រេងឆៅរបស់អ៊ីរ៉ង់ដែលកំពុងជាប់គាំងលើនាវាដឹកប្រេងនៅកណ្ដាលសមុទ្រ ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងទីផ្សារសកល និងកាត់បន្ថយសម្ពាធតម្លៃប្រេងដែលកំពុងហក់ឡើងខ្ពស់។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Mornings with Maria របស់សារព័ត៌មាន Fox Business លោក Bessent បានបញ្ជាក់ថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ យើងអាចនឹងលុបទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ដែលកំពុងស្ថិតនៅលើផ្ទៃទឹក ដែលមានបរិមាណប្រហែល ១៤០លានបារ៉ែល»។ លោកបានបន្តថា «បរិមាណនេះអាចផ្គត់ផ្គង់ទីផ្សារបានចន្លោះពី ១០ថ្ងៃ ទៅ ២សប្តាហ៍ អាស្រ័យលើការគណនាជាក់ស្តែង»។

លោក Bessent បានពន្យល់ថា ការបញ្ចូលប្រេងអ៊ីរ៉ង់ដែលធ្លាប់រងទណ្ឌកម្មទៅក្នុងចរន្តផ្គត់ផ្គង់សកល នឹងជួយរក្សាលំនឹងថ្លៃប្រេងសម្រាប់រយៈពេល ១០ ទៅ ១៤ថ្ងៃខាងមុខ ខណៈដែលតម្លៃប្រេងបានហក់ឡើងលើស ១០០ដុល្លារក្នុងមួយបារ៉ែល ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz និងបានវាយប្រហារលើនាវាដឹកប្រេងជាបន្តបន្ទាប់។

កន្លងមក ក្រសួងរតនាគារអាមេរិកក៏ធ្លាប់បានអនុវត្តវិធានការស្រដៀងគ្នានេះដែរ ដោយអនុញ្ញាតជាបណ្តោះអាសន្នឱ្យមានការលក់ប្រេងរបស់រុស្ស៊ីដែលជាប់ទណ្ឌកម្ម និងប្រេងជាប់គាំងលើនាវា ដែលលោក Bessent អះអាងថា បានជួយបន្ថែមប្រេងប្រហែល ១៣០លានបារ៉ែល ទៅក្នុងទីផ្សារសកល។

ដោយឡែកបើតាមប្រភពជិតស្និទ្ធនឹងផែនការរបស់ក្រសួងរតនាគារ បានបង្ហើបថា ប្រសិនបើរដ្ឋបាលលោក Trump សម្រេចបន្ធូរបន្ថយទណ្ឌកម្មលើប្រេងអ៊ីរ៉ង់មែននោះ ជម្រើសទី១ គឺការប្រើប្រាស់ «លិខិតអនុញ្ញាតពិសេស» ដូចដែលធ្លាប់ប្រើជាមួយប្រេងរុស្ស៊ីដែរ ពោលគឺអនុញ្ញាតឱ្យលក់តែប្រេងដែលជាប់គាំងនៅកណ្តាលសមុទ្រស្រាប់ និងកំណត់រយៈពេលលក់យ៉ាងច្បាស់លាស់។

ប្រភពដដែលបានបន្ថែមថា៖ «ការផ្តល់ការអនុញ្ញាតនេះ អាចជួយបង្វែរទិសដៅប្រេងដែលដើមឡើយគ្រោងដឹកទៅប្រទេសចិន ឱ្យចូលមកក្នុងទីផ្សារសកលកាន់តែទូលំទូលាយ ដែលវានឹងជួយធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយអំណាចតតាំងរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz»។

ក្រៅពីវិធានការនេះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិកនឹងចាត់វិធានការផ្សេងទៀត ដើម្បីបង្កើនការផ្គត់ផ្គង់ រួមទាំងការបញ្ចេញប្រេងពីឃ្លាំងបម្រុងយុទ្ធសាស្ត្រ (SPR) បន្ថែមលើការបញ្ចេញប្រេងរួមគ្នា ៤០០លានបារ៉ែលរបស់ក្រុមប្រទេស G7 កាលពីសប្តាហ៍មុន។ លោកបានសង្កត់ធ្ងន់ថា ក្រសួងរតនាគារនឹងមិនជ្រៀតជ្រែកដាច់ខាត ក្នុងទីផ្សារជួញដូរប្រេងទុកមុន (Futures Markets) ប៉ុន្តែនឹងផ្តោតលើការបង្កើនការផ្គត់ផ្គង់ប្រេងជាក់ស្តែង ដើម្បីបំពេញឱនភាពប្រចាំថ្ងៃពី ១០ ទៅ ១៤លានបារ៉ែល ដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz។

ទន្ទឹមនឹងនេះ ប្រធានាធិបតីដូណាល់ ត្រាំ បានកោតសរសើរនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក្នុងជំនួបនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ចំពោះជំហរដ៏រឹងមាំលើបញ្ហាអ៊ីរ៉ង់ផងដែរ។ ជប៉ុនបានចូលរួមជាមួយប្រទេសឈានមុខនៅអឺរ៉ុប ក្នុងការប្តេជ្ញាចិត្តរក្សាលំនឹងទីផ្សារថាមពល និងចាត់វិធានការសមស្របដើម្បីធានាសុវត្ថិភាពនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោក Bessent បានបន្ថែមថា ជប៉ុនមានសមត្ថភាពខ្ពស់ក្នុងការរាវរក និងបោសសម្អាតមីនក្នុងសមុទ្រ ហើយលោកជឿជាក់ថា ជប៉ុននឹងបញ្ចេញប្រេងពីឃ្លាំងបម្រុងដ៏ធំរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយសម្រាលសម្ពាធទីផ្សារ។

ជាចុងក្រោយ លោក Bessent ក៏បានរិះគន់ប្រទេសចិនថា ជាអ្នកផ្គត់ផ្គង់ដែលមិនអាចទុកចិត្តបាន បន្ទាប់ពីប្រទេសនេះបានផ្អាកការនាំចេញប្រេងឥន្ធនៈយន្តហោះ និងផលិតផលផ្សេងៗទៀតទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ី៕

ប្រភព៖ CNA

Share.