ភ្នំពេញ៖ សិក្ខាកាម សិស្សនគរបាល និងមន្ត្រីពន្ធនាគារជ័យលាភី ចំនួន១២វគ្គ សរុប ១,២៤២នាក់ ក្នុងនោះមាននារី ១៩២នាក់ បានទទួលវិញ្ញាបនបត្រ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។


តាមប្រសាសន៍ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាល កម្ពុជា បានបង្ហាញថា ការបណ្ដុះបណ្ដាលទាំង១២វគ្គ ទទួលបានផ្លែផ្កាល្អ រួមទាំងសមិទ្ធផលនានាជាច្រើន ជាពិសេស អំពីកំណែទម្រង់ដែលបណ្ឌិត្យសភាបាននិងកំពុងអនុវត្តយ៉ាងសកម្មលើការងារសំខាន់ៗ ដូចជា ការដឹកនាំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ មន្ទីរពិសោធន៍ សារមន្ទីរ និងការងារឌីជីថល ព្រមទាំងអនុវត្តផែនការយុទ្ធសាស្រ្តដំណាក់កាលទី៣ ផែនការស្រាវជ្រាវ-មន្ទីរពិសោធន៍ និងផែនការអភិវឌ្ឍធនធានគ្រូ។ ស្របតាមតម្រូវការបច្ចុប្បន្ន និងទិសដៅអភិវឌ្ឍន៍រយៈពេលវែង។



ថ្លែងក្នុងពិធី ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បន្តផ្តល់អាទិភាពលើការបណ្ដុះបណ្ដាលកងកម្លាំង ដើម្បីពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈ ឱ្យអាចបំពេញភារកិច្ចបានមានប្រសិទ្ធភាព និងទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ។





ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏មានការកោតសរសើរដល់ការរីកចម្រើនរបស់បណ្ឌិត្យសភានគរបាល និងសាលានគរបាលជាតិ ដែលបានអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពបណ្ដុះបណ្ដាល។ ចុងក្រោយ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យសិស្សជ័យលាភីបន្តអភិវឌ្ឍសមត្ថភាព ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានល្អ។


