(កំពង់ធំ)៖ ក្នុងគោលដៅពង្រឹងសន្តិសុខឱ្យកាន់តែរឹងមាំ និងផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋទូទាំងខេត្ត លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់ចេញនូវយុទ្ធសាស្ត្រការងារអាទិភាពចំនួន ៥ ចំណុច ដោយផ្ដោតសំខាន់លើការបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងការបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកស្នងការបានបញ្ជាឱ្យកងកម្លាំងទាំង ២៨០ នាក់ រួមគ្នាគិត រួមគ្នាដោះស្រាយ ដើម្បីឈានទៅសម្រេចបាននូវទិសដៅយុទ្ធសាស្ត្រដូចខាងក្រោម៖

១. យុទ្ធនាការ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជាចម្បង

ជំរុញការចុះធ្វើវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដើម្បីបញ្ជ្រាបការយល់ដឹងអំពីលក្ខណៈសម្បត្តិ ៧ យ៉ាង ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ។ នេះគឺជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការកសាងបណ្ដាញសហការរវាងនគរបាល និងប្រជាពលរដ្ឋ ដើម្បីបង្ការបទល្មើស។

២. ព្រហ្មទណ្ឌ៖ បង្ក្រាបឱ្យទាន់ចិត្ត បញ្ជូនទៅតុលាការឱ្យទាន់ពេល

លោកស្នងការបានសង្កត់ធ្ងន់ថា ទោះបីសភាពការណ៍បទល្មើសខ្លះមានការប្រែប្រួល ប៉ុន្តែកងកម្លាំងត្រូវតែមានវិធានការក្ដៅ បង្ក្រាបឱ្យបានទាន់សម័យកាល ដើម្បីនាំខ្លួនជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ជាដាច់ខាត។

៣. សុវត្ថិភាពសិស្សានុសិស្ស គឺជាអាទិភាពខ្ពស់

ដោយបារម្ភពីគ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យផ្សេងៗ (ដូចជាការលង់ទឹក) លោកស្នងការបានបញ្ជាឱ្យ៖

  • មន្ត្រីជំនាញសហការជាមួយសាលារៀន ដើម្បីអប់រំច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស។
  • ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលនៅជិតសាលារៀន ត្រូវចាត់កម្លាំងផ្លាស់វេនគ្នាជួយសម្រួលចរាចរណ៍ និងនាំសិស្សឆ្លងផ្លូវឱ្យមានសុវត្ថិភាព។

៤. សេវាអត្តសញ្ញាណកម្ម៖ បម្រើពលរដ្ឋដោយទំនុកចិត្ត

បន្តដុតដៃដុតជើងក្នុងការផ្តល់សេវាសាធារណៈ មិនថាជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវតែធ្វើឡើងដោយភាពស្មោះត្រង់ រហ័ស និងគួរឱ្យជឿជាក់។

៥. បិទផ្លូវ Online Scams លើទឹកដីកំពង់ធំ

ចំណុចដ៏ក្ដៅគគុកមួយទៀត គឺការគ្រប់គ្រងវត្តមានជនបរទេសឱ្យបានហ្មត់ចត់បំផុត។ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានប្តេជ្ញាថា «មិនអនុញ្ញាតឱ្យមានវត្តមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាដាច់ខាតលើទឹកដីខេត្តកំពង់ធំ» ដើម្បីការពារសុវត្ថិភាពសណ្តាប់ធ្នាប់ និងកេរ្តិ៍ឈ្មោះរបស់ខេត្ត។

ជាកិច្ចបញ្ចប់ លោកស្នងការបានថ្លែងអំណរគុណ និងផ្ដល់កម្លាំងចិត្តដល់កងកម្លាំងនគរបាលព្រហ្មទណ្ឌ និងអត្តសញ្ញាណកម្ម ដែលបានបូជាកម្លាំងកាយចិត្តក្នុងការបង្ការ និងបង្ក្រាបបទល្មើស ដើម្បីធានាសេចក្តីសុខក្សេមក្សាន្តជូនជាតិមាតុភូមិ និងប្រជាជន៕

អត្ថបទ៖ត្រយង

Share.