ភ្នំពេញ៖ សិប្បកម្មផលិតទឹកកកមួយកន្លែង ខណៈដែលកំពុងដំណើរការ ស្រាប់តែកើតមានបញ្ហាបច្ចេកទេស លេចធ្លាយឧស្ម័នអាម៉ូញាក់ បំភាយក្លិន ផ្អើលពលរដ្ឋរស់នៅជិតខាង អាជ្ញាធរសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៧និង៥៥នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅសិប្បកម្មផលិតទឹកកក មួយកន្លែង តាមផ្លូវលេខ៩០៧ ក្រុមទី៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

តាមអាជ្ញាធរបានឱ្យដឹងថា ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ ទប់ស្កាត់ការសាយភាយឧស្ម័ន។

អាជ្ញាធរសមត្ថកិច្ច បានណែនាំដល់ម្ចាស់ទីតាំងសិប្បកម្មខាងលើ ធ្វើការតាមដានប្រព័ន្ធស្តុក និងបំពង់បង្ហូរឧស្ម័នអាម៉ូញាក់ នៅក្នុងទីតាំងរោងចក្រផលិតទឹកកកជាប្រចាំ ចៀសវាងបង្កបញ្ហាលេចធ្លាយសារធាតុអាម៉ូញាក់ ដែលអាចបង្កគ្រោះថ្នាក់ ឬប៉ះពាល់ដល់សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាង។
អត្ថបទ៖ តាតុងសែនជ័យ

